នាព្រឹកថ្ងៃអង្គារ ១២កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យទីតាំងគ្រាប់បែកប្រភេទ M177 ទម្ងន់ជាង ៣០០គីឡូក្រាម ដែលរកឃើញនៅឃុំព្រៃវិហារ ស្រុកគងពិសី ។ គ្រាប់បែក M177 គឺជាប្រភេទគ្រាប់ដែលផលិតដោយសហរដ្ឋអាមេរិក និងត្រូវបានយកមកទម្លាក់លើទឹកដីកម្ពុជា ក្នុងអតីតជំនាន់សង្គ្រាមស៊ីវិលដែលចាប់ផ្តើមដំបូងដោយការធ្វើរដ្ឋប្រហារថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រទះឃើញគ្រាប់បែកប្រភេទនេះ ឬអាវុធជាតិផ្ទុះ ផ្សេងៗទៀត សូមកុំប្រថុយ ចាប់ កាន់ ដំលេង ឬដឹកជញ្ជូនដោយខ្លួនឯង ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់បាត់បង់ដល់អាយុជីវិត។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ក៏បានបន្តដំណើរចុះពិនិត្យទំនប់ទឹកចំការដូងផងដែរ ដើម្បីត្រៀមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដោយសាររដូវប្រាំងឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលឥទ្ធិពលបាតុភូត បង្កអាកាសធាតុក្តៅហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino) នេះ ទើបរាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ