នាព្រឹកថ្ងៃចន្ទ ៧កើត ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើ នូវចំណុចសំខាន់សរុប ចំនួន ៩ ចំណុច ដល់មន្ត្រី រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងឱកាសបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩។
សំណើចំនួន ៩ ចំណុច រួមមាន ៖ ១.ត្រូវពង្រឹង និង អភិវឌ្ឍន៍សមត្ថភាព ផ្នែកបច្ចេកវិទ្យាថ្មីៗជាប្រចាំ លើវិស័យសំណង់ និងសុរិយោដី ដើម្បីអោយក្លាយជាធនធានដ៏មាន ប្រសិទ្ធភាព សំដៅសម្រេចភារកិច្ចជូនថ្នាក់ដឹកនាំ និងប្រជាជន។ ២.ពន្លឿនការងារចុះបញ្ជី ផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅសេសសល់ទូទាំងខេត្ត។ ៣.ខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបំផុសប្រមូលផ្តុំប្រជាជន អោយមានជំនឿ និងចូលរួមក្នុងសកម្មភាពការងារនេះអោយបានខ្លាំងក្លា។ ៤.ត្រូវខិតខំដោះស្រាយ សម្របសម្រួល បញ្ហាវិវាទដីធ្លីនៅទូទាំងខេត្តកំពង់ចាម និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ អោយមានការថយចុះជាអតិបរមា។ ៥.ត្រូវពង្រឹងការគ្រប់គ្រងវិស័យសំណង់ អោយមានប្រសិទ្ធិភាព ព្រោះជាការងារមួយដែលមន្ទីរ និង ការិយាល័យជំនាញត្រូវអនុវត្តអោយបានទន់ភ្លន់ និង ម៉ឺងម៉ាត់តាមច្បាប់ លិខិតដ្ឋាននានា ដែលមានស្រាប់។ ៦.ត្រូវសហការអោយបានជិតស្និទជាមួយសាខាពន្ធដារខេត្ត ដើម្បីប្រមូល ពន្ធប្រថាប់ត្រា អោយមានប្រសិទ្ធិភាព និងប្រសិទ្ធិផល។ ៧.ពង្រឹងការងារផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ព្រោះការងារនេះ មានសារៈសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ វិស័យសំណង់ និងសុរិយោដី ទូទាំងខេត្ត។ ៨.ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងមន្ទីរ ត្រូវលើកកំពស់យុត្តិធម៌ និងសមធម៌ ដោយមិនមានការរើសអើង។ និងចំណុចទី ៩ ចុងក្រោយ ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះមន្ទីរ ត្រូវខិតខំប្រឹងប្រែង បំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីសម្រេចបាន ស្នាដៃធំៗបន្តទៀត និង សូមប្រកាន់ខ្ជាប់នូវអភិក្រមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” និងបាវចនាពីរទៀតគឺ “កែទំរង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ៕អែមមី ប្រភពៈរដ្ឋបាលខេត្តកំពង់ចាម