នៅព្រឹកថ្ងៃចន្ទ ៧ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពី គោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការរដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តរតនគិរី ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍រាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់សុខមាលភាពរបស់មន្ត្រីរាជការ និងបានដាក់ចេញនូវគោលនយោបាយនេះឡើង សំដៅលើកកម្ពស់ផល ប្រយោជន៍ សេដ្ឋកិច្ច និងការគាំពារសង្គមដល់អតីតមន្ត្រីរាជការ អតីតយុទ្ធជន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលបានកំពុងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏ជំរុញឲ្យមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ នៃខេត្តរតនគិរី ទាំងអស់ ត្រូវពង្រឹងស្មារតីទទួលខុសត្រូវលើការបំពេញតួនាទី ភារកិច្ចការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានគុណភាព ប្រសិទ្ធភាព សំដៅលើកកម្ពស់ និងសម្រេចបាននូវគោលនយោបាយរបស់រដ្ឋា ភិបាលដែលបានដាក់ចេញ ហើយក៏ជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ទន្ទឹមគ្នានេះផងដែរ មន្ត្រីដែលអសកម្មការងារនឹងត្រូវរងនូវវិន័យរដ្ឋបាល ឬកែសម្រួលតួនាទីភារកិច្ច៕អែមមី
ប្រភពៈរដ្ឋបាលខេត្តរតនគិរី