ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមទស្សនាការប្រកួតពានរង្វាន់បាល់ទាត់យុវជនក្រោម ១៥ឆ្នាំនិង ១៧ឆ្នាំដែលជាការប្រកួតលើកទី ៦ រវាងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ថវិកាដល់ក្រុមកីឡាករចំនួន ៤ក្រុម ដោយក្នុង១ក្រុមទទួលបានថវិកា ១លានរៀល និងក្រុមកីឡាការិនី ២ក្រុម ក្នុង១ក្រុមទទួលថវិកា១ លានរៀល ដោយឡែក គណៈកម្មការរៀបចំការប្រកួតនេះ ទទួលបានថវិកាចំនួន ១លានរៀលផងដែរ។ ឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើដល់ក្រុមកីឡាបាល់ទាត់ទាំងអស់ត្រូវ ធ្វើយ៉ាងណាខិតខំ ធ្វើការប្រកួតអោយអស់ពីសមត្ថភាពរបស់ខ្លួន ដែលបានហ្វឹកហាត់នាពេលកន្លងមក ដើម្បីដណ្ដើមយកជ័យជំនះ ព្រោះថាពានរង្វាន់គឺជាសាក្សីនៃសមត្ថភាពរបស់យើង ។ ឯកឧត្តមបានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ ត្រូវរក្សាអោយបាននូវសាមគ្គីភាព ក្នុងក្រុមរបស់ខ្លួន ជាពិសេស រក្សាអោយបានរវាងក្រុមកីឡាដែលជាគូប្រជែងរបស់យើង ដោយសារតែ កីឡាគឺជាទូត កីឡាគឺនាំមកនូវសុខភាព៕អែមមី
ប្រភពៈរដ្ឋបាលខេត្តកំពង់ចាម