ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈម ដោះស្រាយមិនបាន និងជនចាស់ជរាទីទ័លខ្លាំង នៅក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកមួយចំនួន ក្នុងខេត្តពោធិ៍សាត់ តែងតែទូរស័ព្ទមកផ្ទាល់ និងចូលមកដល់សាលាខេត្តផ្ទាល់ ដើម្បីសុំឲ្យលោកអភិបាលខេត្ត ជួយអន្តរាគមន៍ដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់។
ជាក់ស្តែងនាថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ប្រជាពលរដ្ឋជាង១០០នាក់ បានមកលើកដៃសំពះ ដើម្បីសុំឲ្យឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ជួយ។ ដោយឃើញសភាពបែបនេះ ឯកឧត្តម បានសម្តែងនូវទឹកចិត្តអាណិតអាសូរក្រៃលែង ក៏បានចូលរួមដោះស្រាយបញ្ហាប្រឈមទាំងនោះ ឲ្យដូចជាគ្រួសារតែមួយ និងបានជូនស្បៀង សម្រាប់ដោះស្រាយជាបឋមទៅដល់ពួកគាត់ ទៅតាមលទ្ធភាពជាក់ស្តែង។
ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលពួកគាត់ទទួលបានឳពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ មានភាពទន់ភ្លន់ ម៉ឺងម៉ាត់ មិនលំអៀង ឈរលើគោលការណ៍អព្យាក្រឹត្យ និងមិនខ្លាចពីការនឿយហត់ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា ពិសេសទាក់ទងនឹងបញ្ហាផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍ទំនប់បង្ហៀរក្បាលហុង។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕មុនីរម្យ
ប្រភព៖រដ្ឋបាលខេត្តពោធិ៍សាត់