ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឱ្យលោកស្រី Josy CAMBON សមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់គ្រូពេទ្យប្រទេសបារាំងមកជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមដើម្បីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ កិច្ចជំនួបពិភាក្សាការងារនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។
តាមលោកស្រី Josy CAMBON សមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់គ្រូពេទ្យប្រទេសបារាំងបានអោយដឹងថាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង នឹងធ្វើការពិនិត្យជំងឺជូនប្រជាជន ចំនួន៥ទីតាំងព្រមៗគ្នាចំនួន៥ថ្ងៃនៅ ៖ ១នៅឃុំ.កោះប៉ែន ២ឃុំ.ហាន់ជ័យ ស្រុកកំពង់សៀម ៣ឃុំ.ជ្រៃវៀន ស្រុកព្រៃឈរ ៤ឃុំ.ដូនធី ស្រុកចំការលើ និង៥. ទីរួមស្រុកស្ទឹងត្រង់ ដោយមានក្រុមគ្រូពេទ្យជានជាតិបារាំង ៤១នាក់ និងខ្មែរ១០នាក់ មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងមានផ្តល់ថ្នាំសង្កូវ ដល់ពួកគាត់ផងដែរ។
មានប្រសាសន៍ក្នុងជំនួបជាមួយគ្នានេះដែរឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជំនាញដែលបានសម្រេចជ្រើសរើសទីតាំងខេត្តកំពង់ចាមដើម្បីធ្វើការព្យាបាលដល់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ ដល់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរសុខាភិបាលត្រូវរួមសហការណ៍ សម្របសម្រួលដល់ក្រុមគ្រូពេទ្យជំនាញខាងលើដើម្បីងាយស្រួលក្នុងការព្យាបាលជូនប្រជាពលរដ្ឋ និងជាពិសេសត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋដើម្បីអោយពួកគាត់បានមកធ្វើការព្យាបាលជំងឺដោយឥតគិតថ្លៃ៕មុនីរម្យ
ប្រភព៖រដ្ឋបាលខេត្តកំពង់ចាម