ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីមន្ទីរបរិស្ថាន មន្ទីររ៉ែ និងថាមពល អាជ្ញាធរមូលដ្ឋានស្រុក និងអង្គភាពពាក់ព័ន្ធ បានចុះសួរសុខទុក្ខប្រជាកសិករ សហគមភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង និងពិនិត្យមើលបច្ចេកទេសដាំបន្លែរបស់ប្រជាកសិករ ដាំដំណាំខាត់ណាផ្កា តាមបែបធម្មជាតិ កាលពីថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩។
ឯកឧត្តមអភិបាលខេត្ត ស្នើឲ្យកសិករ បន្តការដាំដុះយកចិត្តទុកដាក់ដោយ រក្សាបានរសជាតិឆ្ងាញ់ល្អ និងមានគុណភាពខ្ពស់ ហើយអាជ្ញាធរនឹងបន្តគាំទ្រការដល់ការលក់ដូរលើទីផ្សារ ក៏ដូចជាតម្លៃផងដែរ។ លើសពីនេះ ឯកឧត្តម បានស្នើឲ្យបងប្អូនប្រជាកសិករបន្តខិតខំយកចិត្តទុកដាក់ដាំដំណាំបន្តទៀត ដើម្បីបង្កើនប្រាក់ចំណូល កាត់បន្ថយការនាំចូលពីប្រទេសជិតខាង ជាពិសេសត្រូវដាំដុះស្របតាមបច្ចេកទេសធម្មជាតិ មិនប៉ះពាល់ដល់សុខភាពអ្នកទទួលទានផងដែរ៕អែមមី
ប្រភពៈរដ្ឋបាលខេត្តសៀមរាប