នាព្រឹកថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០១៨នេះ នៅសាលាក្រុងសៀមរាប ខេត្តសៀមរាប មានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងអង្គការសង្គមស៊ីវិល សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋមកពីស្រុកអង្គរធំ ស្រុកប្រាសាទបាគង និង ក្រុងសៀមរាប ចំនួន៨១៣ នាក់ ស្រ្តី ២០៤នាក់។
ឯកឧត្តម អ៊ឹង ហឿន បានថ្លែងអំណរគុណ ដល់បងប្អូនដែលបានចំណាយពេលចូលរួម ក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៨ ដែលបានធ្វើឲ្យយើង បានយល់កាន់តែច្បាស់រាល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយវាក៏ជាយន្តការមួយ ក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋាន។ ជាមួយគ្នានោះដែរ សមាជិកអង្គវេទិកាបានលើកឡើងពីទុក្ខកង្វល់របស់ពួកគាត់នៅ តាមមូលដ្ឋាន ដោយ ផ្តោតទៅលើ បញ្ហាដីធ្លី , អគ្គិសនី , ផ្លូវថ្នល់ ,ប្រព័ន្ធធារាសាស្ត្រ ,ដីបុរាណដ្ឋាន និង ការសុំដាក់ភ្លើងសញ្ញាចរាចរណ៍តាមផ្លូវមួយចំនួន ក្នុងក្រុង ក្នុងនោះផ្តោតយ៉ាងសំខាន់លើការដាក់កុងទ័រនៅតាមបន្ទប់ជួល និង ការសុំឆ្វៀលដីបុរាណដ្ឋាន ។ ក្នុងនោះក៏មានលើកនូវសំណួរ និង សំណូមពរ របស់សមាជិកអង្គវេទិកាជាលាយល័ក្ខអក្សរដាក់ប្រអប់បានលើកឡើង ពាក់ព័ន្ធទៅនឹងការងារសេដ្ឋកិច្ច ,សង្គមកិច្ច, ការងារគ្រប់គ្រងដីធ្លី និង បរិស្ថាន ព្រមទាំងរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ រួមមាន៥៣សំណួរ និងសំណូមពរ ។ ជាមួយនឹងការសួរសំណួរខាងលើនេះដែរ មន្ទីរ អង្គភាពពាក់ព័ន្ធបានធ្វើការបកស្រាយបំភ្លឺរាល់សំណួរដែលអង្គវេទិកាលើកឡើងទាំង១៤សំណួរ និង សំណូមពរ។ ដោយឡែក អង្គវេទិកាសូមរក្សាសិទ្ធិ រក្សាទុកសំណួរ និង កង្វល់ ដែលអង្គវេទិកាទទួលបាននាពេលនេះ ដែលពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជា លាយលក្ខណ៍អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ។
សូមបញ្ជាក់ថា វេទិកានេះមានគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបាន មកពីក្រុង ស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈមដែលកើតកន្លងមក ហើយនិងផ្តល់ឱកាសក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋានផងដែរ៕គឹមអាន
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប