នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នាសាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង លោក អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំ ប្រជុំគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្ត ក្រុង ស្រុកសរុប៣៩នាក់។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក អម សុភា ក៏បានថ្លែងអំពីគោលបំណងថា៖ កិច្ចប្រជុំនេះ ធ្វើឡើងទី១.ដើម្បីពង្រឹងយន្តការលើការងារដឹកនាំគ្រប់គ្រងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការទី២.បង្ហាញពីបច្ចុប្បន្នភាព និងពិភាក្សាក្នុងការលើកទិសដៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់អនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០១៩។
ជាមួយគ្នានោះ លោកប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យសមាជិក សមាជិកាអង្គប្រជុំបង្ហាញពីរបាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម សំណូមពរនានា និងលើកទិសដៅអនុវត្តបន្ដពីបណ្ដាក្រុង ស្រុកដើម្បីពិភាក្សា និងរកដំណោះស្រាយ៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង