រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីប្រកាសគណៈកម្មាធិការជំរឿនខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ និង ផ្សព្វផ្សាយផែនការសកម្មភាពជំរឿនទូទៅប្រជាពលរដ្ឋនៃព្រះរាជាណាចក្រ កម្ពុជាឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ អភិបាលស្តីទី និង លោកជំទាវ ហង់ លីណា រដ្ឋលេខាធិការក្រសួងផែនការ និង ឯកឧត្តម ប៉ែន សេរី សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងភាគីពាក់ព័ន្ធជុំវិញខេត្តជាច្រេីន នាថ្ងៃសុក្រ ១៤កេីត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៨នេះ នៅសាលាខេត្តសៀមរាប។
លោកជំទាវ ហង់ លីណា រដ្ឋលេខាធិការក្រសួងផែនការបានគូសបញ្ជាក់ថា ការជំរឿននេះគឺសំដៅលើវិធីសាស្ត្រ ទាំងមូលនៃការប្រមូល ការចងក្រង ការវាយតម្លៃ ការវិភាគ និង ការផ្សព្វផ្សាយទិន្នន័យ អំពីប្រជាជននៃប្រទេសមួយ ។ លោកជំទាវបន្តថា ក្នុងការជំរឿនប្រជាជន ពាក់ព័ន្ធដល់ការចុះបញ្ជីមនុស្ស ការកត់ត្រា លក្ខណៈរបស់មនុស្សម្នាក់ៗ ក្នុងចំណោមមនុស្សទាំងអស់ តាមកាលបរិច្ឆេតកំណត់មួយ ព្រមទាំងលក្ខណៈប្រជាសាស្ត្រ សង្គម សេដ្ឋកិច្ច វប្បធម៌នៃប្រជាជន ព្រមទាំងព័ត៌មានខ្លះៗ អំពីអគារដែលកាន់កាប់ដោយគ្រួសារ ស្ថានភាព លំនៅដ្ឋាន សម្ភារៈប្រើប្រាស់នៅក្នុងគ្រួសារ ។ លោកជំទាវក៏បានបន្តទៀតថា ទិន្នន័យជំរឿនមានតម្រូវការចាំបាច់ ក្នុងការធ្វើគោលនយោបាយ ,ផែនការអភិវឌ្ឍន៍ ធ្វើកម្មវិធី សម្រាប់អភិវឌ្ឍន៍ជាតិ សម្រាប់វាយតម្លៃការសម្រេច គោលដៅប្រកបដោយចិរភាព SDGs និងជាសូចនាករសម្រាប់តាមដាន ត្រួតពិនិត្យភាពក្រីក្រ និង ស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ។ ក្នុងនោះដែរលោកជំទាវក៏បានលើកនូវគោលដៅសហសវត្សទាំង១៨ របស់កម្ពុជា ដែល ជាគោលដៅប្រកបទៅដោយចិរភាពនៃសហសវត្សដល់ឆ្នាំ២០៣០ ដោយមិនទុកអ្នកណាម្នាក់ឡើយ ក្នុងការ អភិវឌ្ឍន៍ទាំងអស់គ្នា ។ ជាមួយគ្នានេះលោកជំទាវក៏បានលើកនូវចំណុចសំខាន់ៗទាំង១១៤ចំណុច ដែលជាសូចនាករ នៃមូលដ្ឋានគ្រឹះជូនដល់មន្ត្រី គណៈកម្មាធិការជំរឿនថ្នាក់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ដើមី្បយកទៅអនុវត្តឲ្យទទួល បានជោគ ជ័យនៅថ្ងៃខាងមុខនេះ ។
ឯកឧត្តម លី សំរិទ្ធ មានប្រសាសន៍ថា ឆ្នាំ២០១៩នេះគឺជាលើកទី៤ហើយ ចាប់ពីសម័យសង្គមរាស្ត្រនិយម មកដល់បច្ចុប្បន្ននេះ ។ ឯកឧត្តមក៏បានលើកផងដែរថា ការធ្វើជំរឿននេះ គឺដើមី្ប ចង់បាននូវស្ថិតិទិន្នន័យមួយត្រឹមត្រូវ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការធ្វើវិភាគទិន្នន័យ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សំខាន់លើការវាយតម្លៃផែន ការ គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ។ឯកឧត្តមក៏បានធ្វើការបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៥ កម្ពុជាបានកាត់ បន្ថយនូវភាពក្រីក្រ នៅត្រឹមតែ ១៣% មុនផែនការអភិវឌ្ឍន៍សហសវត្ស ដែលកត្តាទាំងនេះក៏ដោយរាជរដ្ឋាភិបាល កម្ពុជាយើង មានគោលនយោបាយត្រឹមត្រូវ ស្តីពីការកាត់បន្ថយភាពក្រីក្រ និង អនុវត្តបានប្រកបដោយប្រសិទ្ធ ភាព នូវគោលដៅអភិវឌ្ឍន៍សហសវត្ស ។ ឯកឧត្តមក៏មានការជឿជាក់ថា សម្រាប់ការធ្វើជំរឿនប្រជាជនទូទៅក្នុងខែមីនា ឆ្នាំ២០១៩ខាងមុខនេះ លោក លោកស្រីជាអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ដែលជាថ្នាក់ដឹកនាំនៅតាមថ្នាក់រដ្ឋបាលនិមួយៗ នឹងខិតខំប្រឹងប្រែងជួយឲ្យការជំរឿនទូទៅប្រជាជនក្នុងខេត្តសៀមរាបរបស់យើង អនុវត្តទៅបានដោយរលូននិងទទួលបានលទ្ធផលតាមការគ្រោងទុក៕គឹមអាន
ប្រភព៖រដ្ឋបាលខេត្តសៀមរាប