logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្វាយរៀង ប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩
226
20-December-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសាលប្រជុំនាគព័ន្ធ អគារ ឆ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ស្របតាមផែនការសកម្មភាព និងថវិកា ផអ៣ ដំណាក់កាលទី៣ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងលោកស្រី ប្រាក់ ពុទ្ធី សមាជិកាក្រុមប្រឹក្សាខេត្ត ។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាព ចំណុះសាលាខេត្ត លោកអភិបាលរងស្រុក រួមនិងតំណាងអាជ្ញាធរ អង្គភាពពាក់ព័ន្ធនឹងសេវាសុខាភិបាល និងសេវាអប់រំនៅមូលដ្ឋាន នៃស្រុករមាសហែក និងស្រុកចន្ទ្រា ដែលជាស្រុកគោលដៅ នៃការអនុវត្តការងារគណនេយ្យភាពសង្គម។ មានប្រសាសន៍ក្នុងឱកាសនោះ លោក រស់ ផារិទ្ធ អភិបាលរងខេត្ត បានលើកឡើងថាផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាមូលដ្ឋានគតិយុត្ដសម្រាប់កិច្ចដំណើរការកំណែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋ ដើម្បីធានានូវតម្លាភាព និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស ស្រ្ដី និងក្រុមជនងាយរងគ្រោះ។ លោកអភិបាលរងខេត្តមានប្រសាសន៍បន្តថា ចំពោះខេត្តស្វាយរៀងបច្ចុប្បន្នមានស្រុកគោលដៅចំនួន២គឺ ស្រុកចន្រ្ទា និងស្រុករមាសហែក ដែលក្នុងនោះមានសាលាឃុំចំនួន២២ សាលាបឋមសិក្សាចំនួន៧៣ និងមណ្ឌលសុខភាពចំនួន ១៥ បាននិងកំពុងដំណើរការអនុវត្តនូវផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ហើយកន្លងមកនេះយើងក៏ជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា៖ ការប្រមូល ការបញ្ចូនទិន្នន័យ ការផលិត Post-on(លទ្ធផលការងារ) និងការបិទផ្សាយកញ្ចប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋ (I4Cs) នៅមិនទាន់បានឆ្លើយតបទៅតាមពេលវេលាសមស្រប នឹងវដ្ដនៃសកម្មភាពការងារគណនេយ្យភាពសង្គមនៅឡើយនោះទេ។ ជាចុងបញ្ចប់ លោកអភិបាលរងខេត្ត បានសំណូមពរដល់សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់ ចូលរួមពិភាក្សាគ្នាឲ្យបានផុសផុល ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ ដែលបានជួបប្រទះកន្លងមក និងបង្កើតកិច្ចសហការគ្នាឲ្យបានកាន់តែល្អ សម្រាប់អនុវត្តការងារគណនេយ្យភាពសង្គមនៅឆ្នាំខាងមុខ ជាពិសេសសម្រាប់អនុវត្តផែនការគណនេយ្យភាពសង្គម រយៈពេល៥ឆ្នាំបន្តទៅមុខផងដែរ៕សិដ្ឋ ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ