លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត កាលពីថ្ងៃថ្ងៃអាទិត្យ ២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ បានធ្វើសន្និសីទសារព័ត៌មាន និងអនុវត្តវិធានការរបស់រដ្ឋបាលខេត្ត ជុំវិញករណីចាក់ដីរំលោភចូលដីព្រែកនៅជិតផ្សារប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ក្នុងជំនួបសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកនាយកទីចាត់ការអន្តរវិស័យខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកអភិបាល អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យអន្តរវិស័យស្រុក លោកមេឃុំ និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត ។
មានប្រសាសន៍នៅក្នុងឱកាសនោះលោកអភិបាលរង បានលើកយកនូវចំណុចសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើសេវាប្រជាពលរដ្ឋ ក៏ដូចជាការភិវឌ្ឍន៍នៅក្នុងមូលដ្ឋានជាដើម រួមទាំងការដោះស្រាយបញ្ហាផ្សេងៗ ដែលបានកើតឡើងក្នុងខេត្តស្វាយរៀង ជាក់ស្តែងករណីចាក់ដីរំលោភមកចូលព្រែក ហើយកំពុងត្រូវបានដោះស្រាយនៅថ្ងៃនោះ។ លោកអភិបាលរងក៏បានលើកយកនូវចំណុចសំខាន់ៗជាច្រើនទៀតជុំវិញការសាងសង់ផ្សារប្រសូតិថ្មីនេះ និងបានបកស្រាយយ៉ាងក្បោះក្បាយដល់អ្នកសាព័ត៌មាន និងមហាជនទូទៅបានជ្រាប។
ឆ្លៀតក្នុងឱកាសនោះលោក ហែម ពិសិដ្ឋ ក៏បានបើកឱកាសឲ្យបងប្អូនអ្នកសារព័ត៌មានលើកយកនូវសំនួរ និងចម្ងល់ផ្សេងៗផងដែរ។ បន្ទាប់ពីធ្វើការបកស្រាយនូវបញ្ហាខាងលើជាមួយក្រុមសារព័ត៌មាន លោកអភិបាលរង និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត រួមទាំងអ្នកសារព័ត៌មានបានអញ្ជើញចុះទៅដល់ទីកន្លែងចាក់ដីរំលោភចូលព្រែកនោះ ដើម្បីប្រើប្រាស់ គ្រឿងចក្រធ្វើការកាយដីដែលបានលួចចាក់លើសចូលព្រែកនោះចេញឲ្យដូចដើមឡើងវិញ។
សូមជម្រាបថា កន្លងមក ក្រោយពីអាជ្ញាធរស្រុក ខេត្ត និងអាជ្ញាធរមូលដ្ឋានបានដឹងពីករណីនេះ គណៈកម្មការចម្រុះដោះស្រាយដីធ្លីបានចុះទៅហាមឃាត់ឲ្យបញ្ឈប់សកម្មភាព និងធ្វើការដោះស្រាយដោយឲ្យម្ចាស់ផ្សារដែលចាក់ដីលើសចូលព្រែកនោះកាយមកខាងលើ ឲ្យដូចដើមវិញ៕សិដ្ឋ
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង