logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីប្រកាសផ្សព្វផ្សាយគណៈកម្មាធិការជំរឿនទូទៅប្រជាជន ខេត្តក្រចេះ ឆ្នាំ២០១៩
3
05-December-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នាព្រឹកថ្ងៃពុធ ១៣រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កពស២៥៦២ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨​ នៅខេត្តក្រចេះ​ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយគណៈកម្មាធិការជំរឿនទូទៅប្រជាជន ក្រុង ស្រុក និង​ឃុំ សង្កាត់ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ។ ក្នុងការប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជន ខេត្តក្រចេះ ឆ្នាំ២០១៩ ដែលមានគណៈកម្មាធិការជំរឿនទូទៅប្រជាជន ខេត្ត ក្រុង ស្រុក ព្រមទាំងការផ្សព្វផ្សាយផែនការសកម្មភាពជំរឿនប្រជាជនខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គឺជាការធានាឲ្យបានប្រសិទ្ធភាព នៃយន្តការសម្របសម្រួល ការធ្វើជំរឿនប្រជាជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីជំនាញពាក់ព័ន្ធប្រមាណជា ៣០០នាក់ ផងដែរ ។

     លោក គង់ សុជាតិ ប្រធានមន្ទីរផែនការ និងសមាជិកអចិន្រ្តៃយ៍គណ:កម្មាធិការជំរឿនខេត្តបាន គូសបញ្ជាក់ថា ជំរឿនទូទៅប្រជាជន សំដៅលើវិធីសាស្ត្រទាំងមូល នៃការប្រមូល ការចងក្រង ការវាយតម្លៃ ការវិភាគ និងការផ្សព្វផ្សាយទិន្នន័យ អំពីប្រជាជន នៃប្រទេសមួយ ។ ក្រៅពីនោះ ការងារនេះ ពាក់ព័ន្ធនឹងការចុះបញ្ជីមនុស្ស ការកត់ត្រាលក្ខណៈរបស់មនុស្សម្នាក់ៗ ក្នុងចំណោមមនុស្សទាំងអស់ តាមកាលបរិច្ឆេទកំណត់មួយ ។ ហេតុនេះ នៅពេលដែលធ្វើការចងក្រង ការវិភាគព័ត៌មាន ដែលបានមកពីជំរឿន យើងអាចដឹងពីទំហំ របាយប្រជាជន ព្រមទាំងលក្ខណៈប្រជាសាស្ត្រ សង្គម សេដ្ឋកិច្ច វប្បធម៌ នៃប្រជាជន ព្រមទាំង ព័ត៌មានខ្លះអំពីអគារដែលបានកាន់កាប់ ដោយគ្រួសារ ស្ថានភាពនៅមូលដ្ឋាន និងសម្ភារៈប្រើប្រាស់ នៅក្នុងគ្រួសារ ។ ទិន្នន័យជំរឿន មានតម្រូវការចាំបាច់បំផុត ក្នុងការធ្វើគោលនយោបាយ ការធ្វើផែនការអភិវឌ្ឍន៍​ ការធ្វើកម្មវិធីផ្សេងៗ សម្រាប់ការអភិវឌ្ឍជាតិ សម្រាប់វាយតម្លៃ ការសម្រេចគោលដៅប្រកបដោយចីរភាព SDGs និងជាសូចនាករ សម្រាប់តាមដានត្រួតពិនិត្យភាពក្រីក្រ ស្ថានភាពសេដ្ឋកិច្ច និងសង្គម ផងដែរ ។

     ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ជំរឿនប្រជាជនឆ្នាំ២០១៩ ពិតជាមានសារៈសំខាន់ណាស់ គឺជាការងារដ៏ធំសម្បើម ត្រូវចំណាយថវិកាច្រើន ដែលស្ទើរតែបណ្ដាប្រទេសកំពុងមានការអភិវឌ្ឍន៍តិចតួច មិនអាចធានារ៉ាប់រង ដោយគ្មានដៃគូជួយបានឡើយ ។ ជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩នេះ គឺជាជំរឿនលើកទី១ និងជាប្រវត្តិសាស្ត្រ ដែលប្រមុខរាជរដ្ឋាភិបាល បានសម្រេចចំណាយថវិកា ធ្វើដោយខ្លួនឯង ដោយសារមិនមានដៃគូជួយ និងដោយសារជំរឿនត្រូវតែអនុវត្តរៀងរាល់ ១០ឆ្នាំម្ដង មិនអាចខ្វះបាន ។ ម្យ៉ាងវិញទៀត ដោយឃើញថា ការត្រៀមរៀបចំដំណើរការជំរឿន បានដំណើរការរលូន ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ កន្លងមក។

ឯកឧត្តមអភិបាលខេត្ត បានស្នើសុំឱ្យមន្រ្តីអាជ្ញាធរពាក់ពន្ឋ័ មានការចូលរួម សហការយ៉ាងផូសផុល ដើម្បីឱ្យដំណើរការនៃការចុះធ្វើជំរឿនប្រជាជននៅក្នុងខេត្តក្រចេះ ឱ្យមានភាពដំណើរការបានយ៉ាងរលូន។ ក្នុងឱកាសនោះដែរ ក្នុងនាមរដ្ឋបាលខេត្ត និងនាមឯកឧត្ដមផ្ទាល់ សំណូមពរទៅដល់ អភិបាលក្រុង ស្រុក លោកប្រធាន អនុប្រធានមន្ទីរផែនការខេត្ត និងមន្ត្រីទទួលការងារជំរឿនប្រជាជនឆ្នាំ២០១៩ មេត្តាយកចិត្តទុកដាក់ បំពេញការងារឲ្យទាន់ពេលវេលា តាមផែនការសកម្មភាព ដែលគ្រោង ដើម្បី ទទួលបានជោគជ័យ ប្រកបដោយគុណភាព ឆ្លើយតបនឹងការចំណាយថវិការបស់ជាតិ ។ ក្រៅពីនោះ គណៈកម្មាធិការជំរឿនខេត្ត នឹងធ្វើការត្រួតពិនិត្យដំណើរការជំរឿននៅក្នុងខេត្ត ព្រមទាំង ធ្វើការសម្របសម្រួលគ្រប់សកម្មភាពជំរឿន ឲ្យទទួលបានលទ្ធផលល្អប្រសើរ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ