ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការដឹកនាំ និងគ្រប់គ្រងទូកងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមសំណេះសំណាល និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ ដែលឧបត្ថម្ភគាំទ្រដោយលោកជំទាវគតិសង្ហបណ្ឌិត ម៉ែន សំអន ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជន ជូនដល់បងប្អូនកីឡាករទូក«ង»ខេត្តស្វាយរៀង ទូក ឌីសែនជ័យបារមីបូពារ៍ និងទូក សាឯមសែនជ័យបារមីស្វាយជ្រំ នៅរសៀលថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់កីឡាករថា ប្រធានក្រុមកីឡាករទាំងពីរទូកត្រូវគ្រប់គ្រងកីឡាករចំណុះទូកទាំងអស់អោយបានល្អ ត្រូវមានសាមគ្គីភាព និងចេះគោរពស្រឡាញ់គ្នា។ ជាងនេះទៅទៀតកីឡាករទូកត្រូវគោរពវិន័យបទបញ្ជាការប្រកួតអោយបានត្រឹមត្រូវ ពិសេសពេលអុំទូកត្រូវមានសណ្តាប់ធ្នាប់អោយបានត្រឹមត្រូវ និងចូលរួមគ្រប់កម្មវិធីដែលកំណត់ដោយគណៈកម្មការប្រកួត។ ឯកឧត្តមបន្ថែមទៀតថាកីឡាករចុះទូកទាំងអស់ ត្រូវរក្សាអនាម័យ និងសុខភាពអោយបានល្អ ពោលគឺ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេសកុំពិសារគ្រឿងស្រវឹង និងត្រូវម្ចាស់ការលើការសំអាតកន្លែងស្នាក់នៅ បង្គន់អនាម័យអោយបានល្អផងដែរ៕គឹមអាន
ប្រភព៖រដ្ឋបាលខេត្តស្វាយរៀង