នាព្រឹកថ្ងៃសុក្រ ៩កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង មានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ នៅថ្នាក់ក្រុងឆ្នាំ ២០១៨ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង តំណាងកងកម្លាំងការិយាល័យនានាជុំវិញក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់ អង្គការសង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធ សរុប ៨០នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរក្រុង សង្កាត់ ដែលកន្លងមកបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរនាពេលកន្លងមក ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខ្លួន ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងនូវការអរគុណចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងសប្បុរសទាំងអស់ ដែលបានសហការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់សង្កាត់តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលនៃការធ្វើសមាហរណកម្មនេះ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រាបជូនពីគម្រោងអភិវឌ្ឍន៍ និងការកែលម្អសោភ័ណភាពក្នុងក្រុងស្វាយរៀងនាពេលខាងមុខ ដោយធ្វើយ៉ាងណាលើកសម្រស់ក្នុងក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង និងផ្តល់នូវការកម្សាន្តឲ្យបានកាន់តែច្រើនជាងមុន ជាមួយនឹងការគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។ ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត បានសំណូមពរដល់អង្គសិក្ខាសាលាទាំងមូល ត្រូវរួមគ្នាពិនិត្យមើលពីមូលហេតុដែលគម្រោងនានានៅឆ្នាំចាស់បានលើកឡើងហើយ ប៉ុន្តែមិនអាចអនុវត្តបាន ផ្ដល់ការគាំទ្រលើផែនការនៅក្នុងគម្រោងឲ្យបានច្រើន ចៀសវាងគម្រោងជាន់គ្នារវាងសង្កាត់ និងមន្ទីរជំនាញដែលជាអង្គភាពគាំទ្រ ដោយឡែក អាជ្ញាធរសង្កាត់ត្រូវតាមដាន និងជំរុញរាល់គម្រោងដែលមានការសន្យាគាំទ្រឲ្យដំណើរការបានសម្រេចលទ្ធផលជោគជ័យ និងកំណត់ពីតម្រូវការជាក់ស្ដែងពិតប្រាកដនៅនឹងមូលដ្ឋានឲ្យបានច្បាស់លាស់ ដើម្បីឈានទៅដោះស្រាយបានចំទិសដៅ និងឆ្លើយតបចំពោះការចង់បានរបស់ប្រជាពលរដ្ឋ ព្រមទាំងត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការកៀរគរការចូលរួមគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ សប្បុរសជន ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន៕សិដ្ឋ
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង