(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីបច្ចេកទេសមួយចំនួន ចុះពិនិត្យស្ថានភាពទឹកនៅប្រភពទឹក ១ មករា សម្រាប់ផ្គត់ផ្គង់ឱ្យការផលិតទឹកស្អាត ដើម្បីការអន្តរាគមន៍ បូមទឹកបញ្ជូន ទៅស្ថានីយផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ។
នៅក្នុងពេលចុះពិនិត្យនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការអន្តរាគមន៍បូមទឹកបញ្ជូនទៅស្ថានីយផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ព្រោះពុំមានភ្លៀងធ្លាក់នោះឡើយ ហើយអាកាសធាតុក៏កាន់តែក្តៅ ប្រភពទឹកតាមបឹង ត្រពាំងមួយចំនួន ក៏មានការរីងស្ងួតជាបណ្ដើរៗ។ ព្រមទាំងបានអំពាវនាវសូមបងប្អូន ប្រជាពលរដ្ឋ ចូលរួមថែរក្សា ការពារប្រភពទឹក តាមការណែនាំ របស់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេស ហាមដាច់ខាត ការធ្វើស្រែប្រាំងនៅទីតាំងដែលគ្មានប្រភពទឹក គ្រប់គ្រាន់ ប្រឈមនឹងបញ្ហាខូចខាតដំណាំស្រូវផងដែរ។
ឯកឧត្តមអភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ប្រភពទឹកទាំងនេះ ហាមដាច់ខាតមិនឱ្យប្រជាពលរដ្ឋយកទៅពង្រីកផ្ទៃដី ធ្វើស្រែប្រាំងនោះទេ គឺសម្រាប់ផ្គត់ផ្គង់មនុស្ស និងសត្វតែប៉ុណ្ណោះ។ ដូចនេះសូមឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធយកចិត្តទុកដាក់បំផុត ត្រូវរក្សាប្រភពទឹកនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់នៅក្នុងរដូវប្រាំងនេះ។
គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលតម្រូវការប្រើប្រាស់ប្រភពទឹក ពីក្រុមប្រតិបត្តករទឹកស្អាតមាន៣ទីតាំង ដែលមានតំបន់សេវាកម្ម ចំនួន ០៩ឃុំ ដែលមានគ្រួសារចំនួន ២៤.៣៩៣គ្រួសារ និងប្រជាជនដែលកំពុងប្រើប្រាស់ទឹកស្អាតទាំងបីទីតាំង សរុបចំនួន១២.១២៦នាក់ផងដែរ។
ប្រភព ៖ រដ្ឋបាលខេត្តកំពង់ធំ