logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តប៉ៃលិន បើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ
38
26-March-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយការិយាល័យនគរបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្តទឹកនោម រកសារធាតុញៀន ទៅលើថ្នាក់ដឹកនាំ មន្ត្រី រាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារនៅក្នុងសាលាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តតាមបទ បញ្ជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការ ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទើបនៅថ្ងៃនេះ រដ្ឋបាលខេត្ត បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្តដល់បងប្អូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានា ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល។ 

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ នេះជាជំហានដំបូង សម្រាប់ខេត្តប៉ៃលិន ដែល បានធ្វើតេស្ត ទៅលើថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារនៅក្នុងរដ្ឋបាលខេត្ត ដូច្នេះយើងនឹងបន្ត បើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការ មន្ទីរអង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិ និងឈានទៅដល់ការធ្វើតេស្ត គ្រូបង្រៀន និងគ្រូពេទ្យទៀតផង ដើម្បីលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និង អភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ហើយក្នុងករណីរកឃើញមន្ត្រីជាប់ពាក់ព័ន្ធ និងការប្រើប្រាស់គ្រឿងញៀននោះ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹងនូវការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈវិធានការអប់រំ រដ្ឋបាល និងវិធានការច្បាប់ ឱ្យបានម៉ឺងម៉ាត់  ដើម្បីឱ្យសហគមន៍របស់យើងគ្មានគ្រឿងញៀន និងកសាងសុភមង្គលជូនគ្រួសារ និងសហគមន៍។

សូមបញ្ជាក់ថា៖ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាខេត្ត ដែលបានមកធ្វើតេស្តទឹកនោម រកសារធាតុញៀន នៅថ្ងៃនេះ សរុបចំនួន ១៥៦នាក់ ក្នុងនោះ-ក្រុមប្រឹក្សា ចំនួន ១៥នាក់ -មន្ត្រីរាជការក្របខ័ណ្ឌ ចំនួន ៨៩នាក់ -មន្ត្រីជាប់កិច្ចសន្យា ចំនួន ៤០នាក់ និងបុគ្គលិកមិនបើកថវិការដ្ឋ ចំនួន ១២នាក់ ៕

ប្រភព ៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ