logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៥៨ អាណត្តិទី៣
21
13-March-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកណ្តាល នៅសាលាខេត្តកណ្តាល ដែលបានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ជាពិសេសបានពង្រឹងផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ដោយសារកិច្ចខិតខំប្រឹងប្រែងនេះហើយ ទើបធ្វើឱ្យរដ្ឋបាលខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ ទទួលពានរង្វាន់ជើងឯកលេខ១ លើជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រចាំឆ្នាំ២០២២-២០២៣ នៅទូទាំងប្រទេស ក្នុងនោះដែររដ្ឋបាលស្រុកល្វាឯម ទទួលពានរង្វាន់ជើងឯកលេខ១ និងរដ្ឋបាលឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ក៏ទទួលពានរង្វាន់ជើងឯកលេខ៤ផងដែរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយ ពន្យល់ណែនាំ ដល់ប្រជាពលរដ្ឋ អាជីវករ ឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍ផ្សេងៗ របស់ប័ណ្ណ ប.ស.ស (បេឡាជាតិរបបសន្តិសុខសង្គម) ធ្វើយ៉ាងណាពន្យល់ណែនាំឱ្យពួកគាត់មកធ្វើប័ណ្ណ ប.ស.ស ដ៏មានអត្ថប្រយោជន៍នេះ ឱ្យបានច្រើន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន ជាពិសេសគឺសេវាសុខាភិបាល។

បន្ថែមពីលើនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញដល់ រដ្ឋបាលក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរថែមទៀតដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ  ជាពិសេសនោះគឺដើម្បីទទួលបាននូវជ័យលាភីថ្មីៗបន្ថែមថែមទៀត។

សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ៨របៀបវារៈ សំខាន់ៗ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ