អភិបាលរាជធានីភ្នំពេញ​ ក្នុងនាមកម្ពុជា​ ទទួលបានលទ្ធផលជាច្រើន​ ក្នុងមហាសន្និបាតលើកទី៣៨ AIMF នៅប្រទេសបារាំង
November 11, 2018 អ្នកទស្សនា :

     ​ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូរាជធានីភ្នំពេញក្នុងដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស និងចូលរួមមហាសន្និបាតលើកទី៣៨ របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នៅទីក្រុងលីល ប្រទេសបារាំងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨​ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​នោះ​ ទទួលបានលទ្ធផលជាវិជ្ជមានជាច្រើនរួមមាន៖​ ទី១ : ក្រសួងកិច្ចការបរទេស សាធារណរដ្ឋបារាំង​ សន្យាបន្តការ​គាំទ្រ​បន្ថែម​ទៀតលើកិច្ចការ​សហប្រតិបត្តិការ​ទ្វេ​ភាគី រវាង​រាជធានីភ្នំពេញ និងទីក្រុងប៉ារីស ព្រម​ទាំង​បន្ត​គាំទ្រ​លើ​គម្រោង​នានា ជាពិសេសជួយជំរុញវិនិយោគិនឲ្យមកវិនិយោគបន្ថែមនៅ​រាជធានីភ្នំពេញ និងបានឯកភាពគ្នាជំរុញការសិក្សាគម្រោងប្រព័ន្ធដឹកជញ្ជូន Tramway ក្នុងជំហានទី៣ ដោយជ្រើសរើសយកមហាវិថីព្រះមុនីវង្សមកសិក្សា។ ទី២ :​ ភាគីក្រុងប៉ារីសនឹងបន្តជួយ​គាំទ្រ​រាជធានីភ្នំពេញ នៅ​ក្នុង​ក្របខ័ណ្ឌការងាររបស់ AIMF ,​ ក្រុងប៉ារីសនឹងបន្តជួយរាជធានីក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទេ្វភាគីជាមួយរាជធានីភ្នំពេញ ដោយបញ្ជូនអ្នកជំនាញការមកជួយផ្នែកបច្ចេកទេស ជាពិសេសផ្តល់យោបល់លើការសិក្សារៀបចំផ្លូវឯកទិស តាមការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងជួយដល់រាជធានីភ្នំពេញក្នុងការអភិវឌ្ឍន៍ទីក្រុងឲ្យក្លាយជាទីក្រុង​បៃតង ទំនើបទាន់សម័យប្រកបដោយបរិស្ថានល្អផងដែរ។ ទី៣ : ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIMF លើកទី ៣៨ ដែលមានសមាជិកទី្រកុងចំនួន ២៩៤ទីក្រុង ប្រើប្រាស់ភាសាបារាំងនៅលើពិភពលោក ភ្នំពេញក៏បានដើរតួនាទីសំខាន់ផងដែរ ក្នុងនាមយើងជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងការចែករំលែកបទពិសោធន៍របស់រាជធានីភ្នំពេញដល់កិច្ចពិភាក្សា។ សូមគូសបញ្ជាក់ថា នៅទ្វីបអាស៊ីយើង គឺមានតែរាជធានីភ្នំពេញមួយគត់ដែលជាតំណាងនៅក្នុងការិយាល័យអចិន្ត្រៃយ៍។ ហេតុនេះហើយវត្តមានរបស់ប្រតិភូរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ដោយផ្ទាល់នេះ គឺជារឿងចាំបាច់។ លើសពីនេះចំណុចដែលសំខាន់គឺ ការិយាល័យអចិន្ត្រៃយ៍ និងមហាសន្និបាត បានអនុម័តជូនរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគម AIMF លើកទី៣៩ នៅឆ្នាំ២០១៩​ តាមការស្នើសុំរបស់យើង៕គឹមអាន

ប្រភព៖​ រដ្ឋបាលរាជធានីភ្នំេពញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ