logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញបិទព្រឹត្តិការណ៍កីឡា សម្រាប់ទាំងអស់គ្នាប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡា យ៉ាងតិចមួយប្រភេទ»
2
17-December-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល ៖ ការរៀបចំព្រឹត្តិការណ៍កីឡា សម្រាប់ទាំងអស់គ្នា ក្រោមប្រធានបទ «ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេង កីឡាយ៉ាងតិចមួយប្រភេទ» គឺក្នុងបំណងចង់ប្រមូលផ្តុំជួបជុំកីឡាករ កីឡាការិនី ពិសេសប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីបំផុសឱ្យពួកគាត់ចូលរួមហាត់ប្រាណ និងលេងកីឡាពេញមួយជីវិត ដើម្បីសុខភាព បញ្ញាស្មារតី ភាពសប្បាយរីករាយ និងសុខភាពផ្លូវចិត្តល្អប្រសើរ ពង្រឹងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងសង្គម ពិសេសជួយកាត់បន្ថយការចំណាយលើសេវាសុខាភិបាល។

នេះជាការលើកឡើងរបស់ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងពិធីបិទព្រឹត្តិការណ៍កីឡា សម្រាប់ទាំងអស់គ្នា ប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រជាពលរដ្ឋម្នាក់ត្រូវចេះ លេងកីឡាយ៉ាងតិចមួយប្រភេទ» នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅកីឡដ្ឋានក្រុងតាខ្មៅ។

ឯកឧត្តម ប៊ុន ផេង បានមានប្រសាសន៍បន្តថា តាមរយៈការរៀបព្រឹត្តិការណ៍កីឡានេះ គឺពិតជាបានរួមចំណែកអនុវត្តនូវមុំទី១ គីការអភិវឌ្ឍ មូលធន មនុស្ស ដែលបានផ្តោតទៅលើ «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា» និងមុំទី២៖ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលមានចែងក្នុងបញ្ចកោណទី១ ក្នុងយុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧ នៃរដ្ឋសភា ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា គណៈកម្មការរៀបចំការប្រកួត ដែលបានចាត់ចែង រៀបចំការប្រកួតនេះ តាំងពីថ្ងៃចាប់ផ្ដើមរហូតដល់ថ្ងៃបញ្ចប់ប្រកបដោយជោគជ័យ ឯកឧត្ដម អភិបាលរងខេត្ត បានផ្តាំផ្ញើដល់ក្មួយៗយុវជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តនាំគ្នា ចូលរួមហាត់ប្រាណ និងលេងកីឡា ឱ្យបានជាប្រចាំ ដើម្បីសុខុមាលភាពហើយត្រូវជៀសឱ្យឆ្ងាយ ពីគ្រឿងញៀន ជំងឺឆ្លង ជាពិសេសជំងឺអេដស៍ និងអំពើអបាយមុខផ្សេងៗ។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡានេះ ប្រព្រឹត្តទៅរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ មាន ៤៩ ក្រុម ក្នុងនោះ មាននារីមាន ១៥ក្រុម មានកីឡាករ កីឡាការិនីចូលរួមសរុប ៨៦៤នាក់ ស្រី ២៧៥នាក់។

សូមបញ្ជាក់ថា ចំពោះលទ្ធផលប្រកួតកីឡាប៉េតង់ ផ្នែកមនុស្សចាស់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករកំពង់សំណាញ់ ផ្នែកយុវជន ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព១ ផ្នែកនារីចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកសិដ្ឋានអមរៈ។ កីឡាបាល់បោះ ផ្នែកនារី លេខ១ បានទៅលើ យុវជនតាខួយសាច់អាំង ផ្នែកបុរសលេខ១ បានទៅលើក្រុម លីណា caffe999 ។ កីឡាបាល់ទះ ផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមរួមចិត្តតែមួយ ផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមយុវជនកណ្ដាល។ ចំពោះវិញ្ញាសាកីឡាបាល់ទាត់ ផ្នែកមនុស្សចាស់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមវ័យចាស់មហាមិត្ត ផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ផ្នែកបុរសលេខ១ បានទៅលើក្រុម វិទ្យាល័យ ហ៊ុន សែន ជ័យវរ្ម័នទី៧៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ