ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ នៅភូមិកោះកែវក្រោម ឃុំកោះកែវ និងផ្លូវក្រាលគ្រួសក្រហម ១ខ្សែប្រវែង ៦២០ម៉ែត្រ ទទឹង ៧ម៉ែត្រ នៅភូមិពាមស្តី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុកល្វាឯម អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធនានានៅទីនេះ ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ ជូនប្រជាជនទូទៅ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់នូវអនុសាសន៍ និងបានណែនាំដល់រដ្ឋបាលស្រុកល្វាឯម នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១ . ត្រូវយកចិត្តទុកដាក់លើការពង្រឹងច្បាប់ចរាចរណ៍ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍។
២ . ត្រូវបន្តចាក់វ៉ាក់សាំងដូសជម្រុញជាបន្តបន្ទាប់ តាមគោលការណ៍ណែនាំ និងតាមកាលកំណត់ ជូនប្រជាជនអោយបានគ្រប់ៗគ្នា។
៣ . បន្តពង្រឹងនិងថែរក្សាការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងបន្តការអប់រំ ផ្សព្វផ្សាយ ចុះឲ្យដល់មូលដ្ឋានតាមខ្នងផ្ទះ។
៤. ត្រូវពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈ,សេវារដ្ឋបាល តាមការិយាល័យច្រកចេញចូលតែមួយ ដោយជំរុញអនុវត្ត ឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និង មានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល