logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤
4
20-December-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃចន្ទទី១៩ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដមប្រធានសាលាដំបូងខេត្ត ឯកឧត្ដមលោកព្រះរាជអាជ្ញាខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី មេធាវីប្រចាំរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ប្រធាន អនុប្រធាន ការិយា ល័យប្រជាពលរដ្ឋខេត្ត នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធាន អង្គភាពចំណុះសាលាខេត្ត ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ អធិការនគរបាល មេបញ្ជាការផ្នែកសឹករង និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង ៩ប្រធាន ច្រកទ្វារ និងសមត្ថកិច្ចឈរជើងនៅតាមព្រំដែន មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀនឃុំ-សង្កាត់ ទាំង៦៧ ព្រមទាំងមន្រ្តីពាក់ព័ន្ធ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែង ទាំងអស់របស់ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្ត ទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុស ត្រូវខ្ពស់ ធ្វើឱ្យរដ្ឋ បាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានា ស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណដល់មន្រ្ដីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាង សកម្ម ក្នុងការពុះពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ប្រឆាំងជំងឺកូវីដ១៩។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី  អភិបាលខេត្ត ក៏ដាក់ចេញនូវទិសដៅសំខាន់ៗ មួយចំនួន ដូចខាងក្រោម ៖

១-បន្តថែរក្សាសន្តិភាពបន្តថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ  និងរបៀបរៀបរយសង្គម ការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើ សនានាតាមរយៈការពង្រឹងការអនុវត្ត គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុច។

២-ត្រូវបន្តពង្រឹង  និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹង  នឹងម៉ឺងម៉ាត់បំផុត។

៣-ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់  និងផុលផុស។

៤-រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខុស ច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅ តាម មូលដ្ឋាន។

៥-រដូវក្ដៅនាពេលខាងមុខ នឹងងាយនាំឲ្យកើតមានឡើងនូវករណី អគ្គិភ័យ ដូច្នេះ សូមឲ្យគ្រប់សមាស ភាពពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការ ប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុ ទាំងឡាយដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ។

៦-ត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានតឹងរ៉ឹងបំផុតក្នុងការទប់ស្កាត់ឲ្យបានទាន់ ពេលវេ លារាល់សកម្មភាពរំលោភយកដីសាធារណៈការសាងសង់សំណង់ផ្សេងៗ រំលោភលើដីចំណីផ្លូវ  និង ការចាក់ដីចូលព្រែក ទន្លេ  បឹងបួរដែលជាទ្រព្យសម្បត្តិរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន។

គួរបញ្ជាក់ថា អង្គសន្និបាតបានដំណើរការដោយមានការបង្ហាញពីរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត និងបែកចែកក្រុមពិភាក្សា និងធ្វើបទបង្ហាញលទ្ធផលនៃការប្រឡងប្រណាំងគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាព, ការងារគ្រប់គ្រងគ្រោះមហន្តរាយ, កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ និងការផ្តក់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ៕

ប្រភព ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ