logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយពលរដ្ឋ នៅស្រុកល្វាឯម
3
01-December-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល ៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៥ អាណត្តិទី៣ នៅបរិវេណវត្តបឹងគ្រំ ស្ថិតក្នុងឃុំបឹងគ្រំ ស្រុកល្វាឯម ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់។

ថ្លែងក្នុងវេទិការនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះវត្តមានចូលរួម របស់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងវេទិកានេះ ដែលបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការគ្នាយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅធ្វើឱ្យមូលដ្ឋានកាន់តែទទួលបាននូវការអភិវឌ្ឍថ្មីៗថែមទៀត។

ឯកឧត្តម នូ សាខន បានបញ្ជាក់ថា វេទិកានេះមានសារៈសំខាន់ណាស់ គឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ស្រុក និងរដ្ឋបាលឃុំ  ជាឱកាសដ៏ល្អក្នុងការបញ្ចេញមតិយោបល់ និងលើកឡើងនូវទុក្ខកង្វល់ក៏ដូចជាសំណូមពរនានា មកឱ្យក្រុមប្រឹក្សា និងគណៈអភិបាលធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនបានចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាផងដែរ។

ថ្លែងនៅក្នុងវេទិកានេះដែរ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត បានធ្វើការអំពាវនាវ និងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ យកមកធ្វើការពិភាក្សាស្រាយបំភ្លឺ និងឆ្លើយតបជូនវិញ សំដៅឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បន្ថែមពីលើនេះ ឯកឧត្តម នុត ពុធដារ៉ា បានគូសបញ្ចាក់ថា រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរស្រុក ក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។

សូមបញ្ជាក់ថា ក្នុងវេទិការនេះ ទទួលបានសំណើរ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ៣២ ក្នុងនោះផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់មានចំនួន ០២ ផ្នែកសេដ្ឋកិច្ចមានចំនួន ១០ ផ្នែកសង្គមកិច្ចមានចំនួន ១២ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុមានចំនួន ០៨ ដែលសំណើរ និងសំណូមពរទាំងនេះត្រូវបាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្ត ធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ