logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជន់លិចដំណាំស្រូវរបស់ពលរដ្ឋជាង ១ពាន់ហិកតា នៅស្រុកគិរីវង់
0
04-November-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក ទុយ សុភ័ក្រ អភិបាលរងខេត្ត លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ និងមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យមើលដំណាំស្រូវរបស់ប្រជាពលរដ្ឋកំពុងជន់លិច ប្រឈមការខូចខាតចំនួន ១១៩៧ហិកតា ស្មើនឹង ២២៨៨គ្រួសារ មានចំនួន ១០ភូមិ ក្នុងឃុំគោកព្រេច ស្រុកគិរីវង់ និងបានចុះពិនិត្យមើលជាក់ស្ដែងទ្វារបង្ហូរទឹកសំខាន់ៗ ដើម្បីបើកផ្លូវទឹកជួយសង្រ្គោះដំណាំស្រូវរបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរជំនាញជាពិសេស អាជ្ញាធរស្រុកគិរីវង់ និងឃុំ ត្រូវបន្តតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះស្ថានភាពទឹក ដែលកំពុងជន់លិចដំណាំស្រូវរបស់ពលរដ្ឋ ១១៩៧ហិកតា ដោយអំឡុងពេលនេះ យើងបាននិងកំពុងបើកទ្វារទឹកសំខាន់ៗ នៅតាមភូមិសាស្រ្តមួយចំនួន នៅក្នុងឃុំគោកព្រេច ឃុំរាមអណ្ដើក និងឃុំអង្គប្រាសាទ ធ្វើយ៉ាងណាធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទាំង២២៨៨គ្រួសារ បានច្រូតកាត់ទទួលផល ព្រោះស្ថានភាពពេលនេះទឹកកំពុងតែលិចខ្លាំង ដែលធ្វើឱ្យស្រូវរបស់បងប្អូនប្រឈម។

ឯកឧត្តម អ៊ូច ភា ក៏បានណែនាំបន្ថែមទៀតទៅដល់អាជ្ញាធរស្រុកគិរីវង់ និងអាជ្ញាធរស្រុកកោះអណ្តែត ត្រូវត្រៀមលក្ខណៈដោយចុះពិនិត្យទឹកដែលបានបើកទ្វារទឹកពីលើចុះមកក្រោម ជាប់ព្រំប្រទល់នឹងស្រុកកោះអណ្តែត ត្រូវត្រៀមគ្រឿងចក្រក្នុងករណីទឹកហូរពេញ ដែលអាចនឹងជន់លិចបន្ថែមទៀតទៅដល់បងប្អូនប្រជាកសិករ នៅស្រុកកោះអណ្តែត ត្រូវតែសហការគ្នាធ្វើយ៉ាងណា រំដោះទឹកចេញ ជៀសវាងការជន់លិចស្រូវដែលកសិករទើបតែបានព្រោះលើកដំបូង៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ