នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនាពង្រីក កែលំអផ្លូវជាតិលេខ ៧ ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ថ្នាក់ដឹកនាំខេត្ត រួមជាមួយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ កែលម្អ លើកកម្ពស់គុណភាព ផ្លូវជាតិលេខ ៧ និងលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ ព្រមទាំងយកដី មកពិសោធន៍ ដើម្បីយកមកធ្វើគ្រឹះ របស់ថ្នល់ ។ ទន្ទឹមនឹងនោះ ក្រុមការងារ ក៏បានសម្របសម្រួល ផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យដំណើរការសាងសង់ផ្លូវ និងស្ពាន បានឆាប់រហ័ស ទៅតាមផែនការដែលបានកំណត់។
គួរបញ្ជាក់ថា គម្រោងនេះ គឺលើកគុណភាពផ្លូវ ពីផ្លូវជាតិកម្រិតលេខ២ មកជាកម្រិតផ្លូវជាតិលេខ១ ដែលរចនាល្បឿនកំណត់ ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយពង្រីកផ្លូវ ទៅជា៤កន្លង ទៅ-មក ចំណុចគីឡូម៉ែត្រ ០ ដល់គីឡូម៉ែត្រ១ ក្នុងទីប្រជុំជនស្គន់ និងចំណុចគីឡូម៉ែត្រ៤៣ បូក៣០០ ដល់គីឡូម៉ែត្រ ៥០០ បូក៥០០ ក្នុងក្រុងកំពង់ចាម ការរចនាទទឹងផ្លូវ មានប្រវែង ២០,៥ម៉ែត្រ និងសម្រាប់ទីតាំងក្រៅពីនេះ គឺមានទទឹងផ្លូវប្រវែង ២៤.៥ម៉ែត្រ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម