logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣
2
29-October-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃសុក្រ ទី២៧  ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាល ខេត្តស្វាយរៀង ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក លោកស្រីមេធាវីប្រចាំរដ្ឋបាលខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ តំណាងស្នាក់ការស៊ើបការណ៍ប្រចាំខេត្តស្វាយរៀង នៃការិយាល័យទី២ បញ្ជាការដ្ឋានកងទ័ពជើងគោក  តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មន្ត្រីរាជការខិតខំចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌកន្លងទៅ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរស្រុក  ឃុំ មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ ដែលខិតខំយកចិត្តទុកដាក់អនុវត្ត និងសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអន្តរាគមន៍ចាត់វិធានការដោះស្រាយ ទប់ស្កាត់ និងឆ្លើយតបបានយ៉ាងទាន់ពេលវេលាចំពោះករណីឆ្លងជំងឺផ្ដាសាយបក្សីនៅភូមិម្រាក់ទាប ឃុំត្រស់ និងភូមិត្រោក ឃុំអំពិល ស្រុករមាសហែក នាពេលកន្លងមក មិនឲ្យមានការឆ្លងរីករាលដាលទៅតំបន់ ភូមិសាស្ត្រ និងប្រជាពលរដ្ឋផ្សេងទៀត រហូតដល់យើងសម្រេចបានលទ្ធផលជោគជ័យ និងបិទបញ្ចប់ករណីនេះ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភា ពនៅក្នុង ខេត្តជូ នប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។

២.ត្រូវបន្តតាមដានឃ្លាំមើល  និងទប់ស្កាត់ចំពោះជំងឺផ្តាសាយបក្សី  ទោះបច្ចុប្បន្នបា​នដោះស្រា​យជោគជ័យក៏ដោយ  អាជ្ញាធរពាក់ព័ន្ធត្រូវបន្តផ្សព្វផ្សាយណែនាំវិធានការការពារដល់ប្រជាពលរដ្ឋ  ក្នុងករណីមានសត្វបក្សីឈឺ  ឬងាប់  ត្រូវចាត់វិធានការឆ្លើយតបអោយបានទាន់ពេលវេលា។

៣.មន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅ  ត្រូវធ្វើ​ការជួសជុលនិងកែលម្អឡើងវិញដើម្បីសម្រួ​លដល់ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ។

៤.អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធត្រូវផ្សព្វផ្សាយដល់ម្ចាស់សណ្ឋាគារ  និងផ្ទះសំណាក់កុំឲ្យតម្លើងថ្លៃ ក្នុងឱកាសដែលសិស្សមកប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ ទន្ទឹមនោះត្រូវស​ហការជាមួយព្រះចៅអធិការវត្តដើម្បីសម្រួលដល់កន្លែងស្នាក់នៅហូបចុកសម្រាប់សិស្សដែលមិនមានលទ្ធភាពស្នាក់នៅផ្ទះសំណាក់ឬសណ្ឋាគារ។

៥.រដ្ឋបាលក្រុង-ស្រុកត្រូវជំរុញ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងទៅដល់មន្ត្រីរាជការ និងប្រជាពលរ​ដ្ឋស្តីពីការបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានទាន់ពេលវេលា។

៦.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ  ចែកចាយ ការប្រើប្រាស់គ្រឿងញៀន និងចាត់វិធានការចំពោះក្មេងទំនើងនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

៧.សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបចំស្លាកសញ្ញាចរាចរណ៍ឱ្យបា​នគ្រប់គ្រាន់នៅតាមដងផ្លូវ ។

៨.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រ​ជាពលរដ្ឋឱ្យអស់​ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ