logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា
1
27-October-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ទិវាមនុស្សចាស់ ជាទិវាមួយសម្រាប់រំលឹកគុណដល់លោកតា លោកយាយ អ៊ុំ មា មីង ជាមនុស្សវ័យចាស់ និងបុព្វការីជនដែលជាអ្នកបានចូលរួមកសាង អភិវឌ្ឍន៍សង្គមជាតិ ជាអ្នកផ្តល់ និងរក្សាទំនៀមទំលាប់ ប្រពៃណីដ៏ល្អ កេរ្តិ៍មរតក សម្បត្តិវប្បធម៌ដ៏សម្បូណ៍បែប អប់រំប្រៀនប្រដៅប្រកបដោយគតិបណ្ឌិត ផ្តល់នូវចំណេះដឹង ចំណេះធ្វើ ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍យ៉ាងច្រើន សម្រាប់មនុស្សជំនាន់ក្រោយ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ដូច្នេះ ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា លើកទី២៥ ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្តាល នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពី អភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងជនវ័យចាស់ប្រមាណ ៣០០នាក់។

បន្ទាប់ពីអាន សារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា រួចមក។ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សវ័យចាស់ ដោយបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ កម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ លិខិតបទដ្ឋានគតិយុត្ត និងបានបង្កើតយន្តការជាច្រើនទៀត ដើម្បីបង្កើន ប្រសិទ្ធភាព នៃការផ្តល់សេវាសង្គមកិច្ចចំពោះជនចាស់ជរា។

ឯកឧត្តម បានមានប្រសាសន៍ថា តាមក្រឹតក្រមធម្មជាតិជនគ្រប់រូបពេលដល់វ័យចំណាស់ទៅបញ្ញាស្មារតី និងសុខភាព ចុះខ្សោយទ្រុឌទ្រោមជាបណ្តើរៗ ដែលចាំបាច់ត្រូវមានការគាំពារ ក៏ដូចជាការគាំទ្រផ្នែកសុខភាព ផ្ដល់ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ពីកូនចៅ និងរាជរដ្ឋាភិបាលផងដែរ ដើម្បីឱ្យមានភាពរឹងមាំ និងអាយុយឺនយូរ។

ឯកឧត្តម បានអំពាវនាវដល់មន្ទីរអង្គភាព សប្បុរសជន អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសប្រជាពលរដ្ឋ សូមបន្តចូលរួមជួយឧបត្ថម្ភគាំទ្រ និងពង្រឹងសមាគមមនុស្សចាស់ ក្នុងមូលដ្ឋានរបស់ខ្លួនដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើង ដើម្បីរួមចំណែកលើកស្ទួយជីវភាព និងសុខុមាលភាពមនុស្សវ័យចាស់ ជាពិសេសជនចាស់ជរាដែលកំពុងជួបការលំបាកខ្លាំង និងគ្មានទីពឹង។ អភិបាលក្រុង-ស្រុក និងលោក លោកស្រី ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដែលបានបង្កើត សមាគម មនុស្សចាស់រួចហើយ សូមបន្តយកចិត្តទុកដាក់គាំទ្រ និងពង្រឹងសមាគមមនុស្សចាស់ឱ្យមានដំណើរការកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ។

តាមរបាយការណ៍ លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ខេត្តកណ្តាល បានបង្កើតសមាគមមនុស្សចាស់ បានចំនួន ១៣៣សមាគម លើ១២៧ឃុំ-សង្កាត់ មានសមាជិក សរុបចំនួន ៩២,៩០៥ នាក់ មានប្រាក់តម្កល់ ៩៥០,០៣០,៦០០រៀល (៩៥០ លាន ៣០ពាន់ ៦០០ រៀល)។ក្នុងនោះ សមាគមមានដំណើរការល្អសល់ប្រាក់មានចំនួន ១២០ សមាគម និងសមាគមដំណើរការ មធ្យមមានចំនួន ១៣សមាគម៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ