logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ
2
17-October-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល ៖ នៅថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល និងជាប្រធានអនុគណៈកម្មការបច្ចេកទេសរៀបចំការប្រណាំងទូក បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលគ្រោងរៀបចំប្រព្រឹត្តិទៅរយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យតាមផែនការគ្រោងទុក បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត បានណែនាំឱ្យក្រុមការងារ នៃអនុគណៈកម្មការបច្ចេកទេសទាំងអស់ ត្រូវផ្សព្វផ្សាយនូវរាល់បទបញ្ជាផ្ទៃក្នុង នៃការប្រណាំងទូកជូនដល់កីឡាករ-កីឡាការិនី ចូលរួមអនុវត្តឱ្យបានល្អ ត្រូវរៀបចំចំណាត់ថ្នាក់ទូកលឿន មធ្យម ទូកគូពិសេស និងទូកខ្នាតអន្តរជាតិ ដែលបានមកចូលរួមក្នុងពិធី។ ជាពិសេស ត្រូវរៀបចំប្រវត្តិទូកដែលមកចូលរួមទាំងអស់ ជូនទៅគណៈមេប្រយោគថ្នាក់ជាតិ ដើម្បីធ្វើអត្ថាធិប្បាយ ក្នុងពិធីប្រណាំងទូក។

ក្រៅពីនេះ ឯកឧត្តម អភិបាលរងខេត្ត បានជំរុញដល់ក្រុមការងារ ត្រូវសហការជាមួយគណៈមេប្រយោគថ្នាក់ជាតិ ដើម្បីសម្របសម្រួលបច្ចេកទេស និងត្រួតពិនិត្យឧបករណ៍បរិក្ខារ សម្រាប់បម្រើក្នុងពិធីប្រណាំងទូក ឱ្យទទួលបានលទ្ធផលល្អ ការងារសំខាន់មួយទៀត គឺត្រូវសហការចាត់តាំងតំណាងកីឡាករ ដែលត្រូវឡើងទទួលអំណោយពីគណៈអធិបតី ដោយត្រៀមលក្ខណៈសម្បត្តិជាមុន គោរពបានវិន័យ សីលធម៌ថ្លៃថ្នូរ មានសណ្ដាប់ធ្នាប់ ជៀសវាងភាពយឺតយ៉ាវ និងត្រូវធ្វើរបាយការណ៍លទ្ធផល ជូនប្រធានគណៈកម្មការ និងអភិបាលខេត្ត ឱ្យបានទាន់ពេលវេលា។

នាឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត ក៏បានអញ្ជើញដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ សូមចូលរួមទស្សនាពិធីប្រណាំងទូកខេត្តកណ្ដាល ឱ្យបានច្រើនកុះករ តាមកាលបរិច្ឆេទខាងលើ ដើម្បីឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្ដិទៅប្រកបដោយ ភាពសប្បាយរីករាយ។ ក្នុងពិធីនេះ រដ្ឋបាលខេត្ត ក៏បានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី នឹងមានរៀបចំបង្ហោះគោម លើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសមយ័ផងដែរ។

សូមបញ្ជាក់ថា ពិធីប្រណាំងទូកនៅក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រកួតសរុបមានចំនួន ៧៦ទូក ក្នុងនោះ ទូកចែវ ចំនួន ៥ទូក ទូកខ្នាតអន្តរជាតិ ចំនួន ៣៦ទូក និងទូកខ្នាតវែង ចំនួន ៣៥ទូក៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ