logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ​ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម​ សីហនុ​ ព្រះបរមរតនកោដ្ឋ
2
16-October-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ​ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម​ សីហនុ​ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១១ឆ្នាំ។ ដែលពិធីនេះ បានរៀបចំនៅសាលសន្និសីទសាលា ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថានប័នក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងតំណាងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

ក្នុងសុន្ទរកថា របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមសម្ដែងនូវទឹកមុខស្រពាប់ស្រពោន ក្រៀមក្រំ និងសោកស្ដាយយ៉ាងក្រៃលែង ដើម្បី ចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សី ហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១១ឆ្នាំ ដែលព្រះអង្គបានយាងចូលទីវង្គត់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅ ។ ការចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់បង់វីរៈមហាក្សត្រមួយព្រះអង្គ ដ៏ឆ្នើមបំផុត របស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បី បុព្វហេតុឯករាជ្យបូរណភាពទឹកដី បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ដើម្បីការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ទូលព្រះបង្គំព្រះករុណាខ្ញុំ រួមជាមួយ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទូទាំងខេត្ត សូមលើកហាត់ប្រណមកំបង់អញ្ជលី ថ្វាយមហាព្រះរាជកុសល ចំពោះ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាង ទៅកាន់ឋានបរមសុខ សួរគ៌ាល័យ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ក៏បានរំលឹកឡើង អំពីស្នាព្រះហស្ថ របស់ព្រះអង្គ ដែលនៅគង់ព្រះជន្ម ដើម្បី ប្រគេនជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីជ្រាបចាប់តាំងពីឆ្នាំ១៨៤៧ រៀងមក ជាពិសេស ការរំលឹកអំពីសមិទ្ធផលធំៗ កើតមាននៅតាមបណ្ដាខេត្ត ក្រុងនានា ជាច្រើនឥតគណនា ត្រូវបានស្ថាបនា និងកសាងឡើង ក្នុងសម័យព្រះអង្គ គ្រប់គ្រងដឹកនាំប្រទេសកម្ពុជា។ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ នាសម័យសង្គមរាស្ត្រនិយម ខ្មែរបានថ្វាយព្រះនាមព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ ។ ដោយឡែក នៅឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំ របស់ព្រះអង្គ ប្រទេសកម្ពុជា បានចូលជាសមាជិក របស់អង្គការសហប្រជាជាតិផងដែរ។

សូមបញ្ជាក់ដែរថា ពិធីខាងលើនេះ បាននិមន្ត ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីព្រះមេគណខេត្តគណៈមហានិកាយ និងព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ជាព្រះនទីសត្ថាចារ្យព្រះមេគណខេត្តគណៈធម្មយុត្តិកនិកាយ រួមនឹងព្រះមន្ត្រីសង្ឃខេត្ត ចំនួន ០៧អង្គ ដើម្បី សូត្រស្វាធ្យាយជ័យន្តោ និងសូត្រពុទ្ធជ័យមង្គល ដើម្បី ឧទ្ទិសថ្វាយទៅឌួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមឲ្យព្រះអង្គយាង ទៅកាន់ទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ