ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម
September 15, 2023
អ្នកទស្សនា :
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាប័ន្ន ជូនដល់ស្ត្រីជាថ្នាក់ដឹកនាំឃុំ និងជំនួយការរដ្ឋបាលឃុំជាស្ត្រី នៅស្រុកកណ្ដាលស្ទឹង។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ២ថ្ងៃ ដោយទទួលបានការជួយឧបត្ថម្ភគាំទ្រដោយអង្គការ WaterAid មានកិច្ចសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល និងមន្ទីរកិច្ចការនារី ខេត្តកណ្ដាល។
លោកជំទាវ នួន នារតី បានថ្លែងថា បញ្ហាទឹកស្អាត និងអនាម័យ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងសហការជាមួយអង្គការនានាៗ ដែលធ្វើការងារពាក់ព័ន្ធជាមួយទឹកស្អាត ដើម្បីសម្រេចបានគោលដៅអនុវត្តប្រកបដោយចីរភាព និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត និងអនាម័យ រាជរដ្ឋាភិបាល បានកំណត់គោលដៅ គឺនៅក្នុងឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅក្នុងទីប្រជុំជន មានទឹកស្អាតប្រើប្រាស់ ហើយនៅឆ្នាំ២០៣០ ប្រជាពលរដ្ឋទាំងទីប្រជុំជន និងជនបទ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព១០០%។ ដូច្នេះស្ត្រី ជាថ្នាក់ដឹកនាំឃុំ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់ នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ ដើម្បីឱ្យពួកគាត់ផ្លាស់ប្ដូរឥរិយាបថក្នុងការតបណ្ដាញទឹកស្អាតយកទៅប្រើប្រាស់ ប្រកបដោយសុវត្ថិភាព។
លោកជំទាវ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនេះ ស្ត្រីជាថ្នាក់ដឹកនាំឃុំ និងជំនួយការរដ្ឋបាលឃុំជាស្ត្រី បានយល់ដឹងអំពីការងារសម្របសម្រួល យល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត ចេះសហការគ្នា និងបង្កើនភាពស្និទ្ធស្នាលដោយធ្វើការងារជាក្រុមពាក់ព័ន្ធជាមួយការងារទឹកស្អាត និងអនាម័យ ហើយសង្ឃឹមថា ប្រជាពលរដ្ឋ និងមានការយល់ដឹង និងផ្លាស់ប្ដូរឥរិយាបថតាមរយៈក្រុមការងារស្ត្រី ប្រចាំឃុំ ដោយងាកមកប្រើប្រាស់ទឹកស្អាតប្រកបដោយសុវត្ថិភាព។
កញ្ញា ទន់ ឌឿន តំណាងអង្គការ WaterAid បានលើកឡើងថា បេសកកម្មរបស់អង្គការ WaterAid មានគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជំរុញ និងលើកកម្ពស់លើវិស័យអនាម័យ និងទឹកស្អាត នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រុសស្រឡើងបន្ថែមទៀត៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល