logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តស្វាយរៀង បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលនយោបាយលើកទឹកចិត្ត និងឯកសារបច្ចេកទេស​ដែលគាំទ្រការងារគ្រប់គ្រងលំនៅឋានដែលមានតំលៃសមរម្យ
6
25-October-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

    នាព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០១៨​នេះ នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង ខេត្តស្វាយរៀង តំណាង​ឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលនយោបាយ​លើកទឹកចិត្ត និងឯកសារបច្ចេកទេសដែលគាំទ្រការងារគ្រប់គ្រងលំនៅឋានដែលមានតំលៃសមរម្យ» ក្រោម​អធិបតីភាពឯកឧត្ដម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាង​ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីពាក់ព័ន្ធ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រធានមន្ទីរ-អង្គភាព និង​តំណាងក្រុមហ៊ុនសាងសង់ក្នុងខេត្តជាច្រើនផងដែរ ។

    ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានជម្រាបជូនអំពីស្ថានភាពទូទៅ ការអភិវឌ្ឍរីក​ចម្រើនរបស់ខេត្ត ស្ថានភាពនៃមុខរបរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តដែលមានការកើនឡើងជា​លំដាប់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងបរិបទដែលកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា ។ ក្នុងនាមឯកឧត្ដមអភភិបាលខេត្ត ឯកឧត្ដមក៏បានថ្លែងអំណរគុណ​ចំពោះក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំថា គោលនយោបាយស្ដីការលើកទឹកចិត្ត និងការ​បង្កើតកម្មវិធី​ជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងឯកសារបច្ចេកទេសគាំទ្រ ដែលត្រូវលើកយកមក​ផ្សព្វ​ផ្សាយ​នៅក្នុងអង្គសិក្ខាសាលានៅថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចលើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាទូទៅ ជាពិសេសក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យម ព្រមទាំងគ្រួសារងាយរងគ្រោះ នៅទូទាំងប្រទេសផងដែរ។ ដោយប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងក៏ នឹងមាន​កាលានុវត្តភាព និងលទ្ធភាពខ្ពស់ជាងមុន ក្នុងការទទួលបានលំនៅឋានសមរម្យ ជាមួយ​តម្លៃដែល​អាចឆ្លើយតបលទ្ធភាពចំណូលរបស់ពួកគាត់ ។

    ឯកឧត្ដម ឆាន់ សាផាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ជូន​អំពីគោលបំណងនៃការរៀបចំសិក្ខាសាលានៅថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយអំពីឯកសារគតិយុត្តមួយចំនួន ដែល​នាយក​ដ្ឋានមូលនិធិ និងឥណទានលំនៅឋាន នៃអគ្គនាយដ្ឋានលំនៅឋាន បានរៀបចំឡើងដែល​មានលក្ខណៈ​សម្បត្តិអតិថិជន និងគោលដៅដែលអាចទទួលបានសិទ្ធិ ក្នុងការទិញលំនៅឋានតម្លៃសមរម្យ លក្ខខណ្ឌ​កំណត់​ក្រោយការទិញលំនៅឋានតម្លៃសមរម្យ និងនិតិវិធី នៃការដាក់ពាក្យស្នើសុំទិញ ឬជួលលំនៅឋានតម្លៃសមរម្យ ។ ជាមួយនេះ ឯកឧត្ដមក៏បានបញ្ជាក់បន្ថែមថា អាស្រ័យដោយកំណើនតម្រូវការលំនៅឋាន និងការតាំង​ទីលំនៅថ្មី មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលបានជះឥទ្ធិពលដល់សណ្តាប់ធ្នាប់របៀបរៀបរយ សន្តិសុខ សុវត្ថិភាព និងសោភ័ណភាពទីក្រុង ជាពិសេសដោយមើលឃើញថាលទ្ធភាពទទួលបានលំនៅឋានសមរម្យ មានសភាពកាន់តែទាបទៅៗ ទើបរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយស្ដីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងឯកសារបច្ចេកទេសគាំទ្រមួយចំនួន ដើម្បីធានាសិទ្ធទទួលបានលំនៅឋានសមរម្យ ជូនប្រជាជនផង និងសម្រាប់គាំទ្រដល់ការ​រៀបចំអភិវឌ្ឍន៍​នគរូបនីយកម្មមួយប្រកបដោយប្រសិទ្ធភាព ដែលអាចទ្រទ្រង់សុខមាលភាព និងវិបុលភាព សេដ្ឋកិច្ច និងសង្គមផង៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ