logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញបើកការរដ្ឋានសាងសង់ស្ពានបេតុងអាមេប្រវែង ៣០ម៉ែត្រ ក្នុងស្រុកកោះធំ
0
24-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកការរដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ប្រវែង ៣០ម៉ែត្រ ទទឹង ៧ម៉ែត្រ (ដែលមានឈ្មោះថាស្ពានជោគជ័យ) និងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានលើកឡើងថា ការកសាងស្ពាន ១ខ្សែនេះឡើង គឺដើម្បីចូលរួមអភិវឌ្ឍក្នុងសហគមន៍មូលដ្ឋាន ឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ដឹកកសិផល​ ជាពិសេសសិស្សានុសិស្សឆ្លងកាត់ទៅវិញទៅមក ដើម្បីរៀនសូត្រដែលកន្លងមកពួកគាត់មានការលំបាក ព្រោះថា ជាស្ពានចាស់មានទំហំតូច អាចឆ្លងបានត្រឹម អ្នកថ្មើរជើង ជិះកង់ម៉ូតូតែប៉ុណ្ណោះ។

ឯកឧត្ដម បានបន្តថា សូមបងប្អូនចេះស្រឡាញ់ និងការពារសន្តិភាពដែលមានដូចសព្វថ្ងៃប្រទេសយើងទទួលបាននូវសុខសន្តិភាពដូចសព្វថ្ងៃ យើងទាំងអស់គ្នាបានឆ្លងកាត់ការ លំបាកច្រើនណាស់ បងប្អូនខ្លះបែបបាក់គ្រួសារ ខ្លះពិការ ទាំងអស់នេះហើយ គឺកើតឡើងដោយសារសង្គ្រាម ដើម្បីជៀសឱ្យផុតពីការលំបាកទាំងអស់នេះ យើងទាំងអស់គ្នាត្រូវរួមគ្នារក្សាឱ្យបាននូវសន្តិភាព និងសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចេះបង្កបង្កើនផលដើម្បីជួយដល់ជីវភាពរស់នៅក្នុងគ្រួសារ។

ឯកឧត្ដមអភិបាលខេត្ត បានបន្ថែមថា ស្ពានថ្មដែលនឹងសាងសងរួចរាល់នាពេលខាងមុខនេះ បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះវាជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា។ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា គណៈអភិបាលស្រុក និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទក្នុងស្រុកកោះធំព្រមទាំង អាជ្ញាធរ ឃុំ ភូមិ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវដោយសម្រេចបាននូវសមិទ្ធិផលនានាជាច្រើន ពិសេសថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សុវត្ថិភាពសាធារណៈ និងការជំរុញការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ រួមទាំងការចូលរួមខិតខំដោះស្រាយ ក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានាជាដើម។

ក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើដល់ក្រុមការងារសងសង់ស្ពាន ត្រូវបំពេញការងារឱ្យបានហ្មត់ចត់ និងត្រូវគោរពតាមបទដ្ឋាន នៃសំណង់ក្នុងការសាងសង់ស្ពានឱ្យមានភាពរឹងមាំជាប់ល្អ និងធ្វើការដោយប្រុងប្រយ័ត្ន ចៀសសវាងគ្រោះថ្នាក់ដែលកើតមានជាយថាហេតុ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ