ខេត្តតាកែវ ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ តាមប្រព័ន្ធវិដេអូ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងកិច្ចស្ដីពី ការកំណត់ប្រជាកសិករ ដែលទទួលរងការខូតខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត, ប្រធាន អនុប្រធានការិយាល័យអន្តរវិស័យចំណុះរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
បើតាមការបញ្ជាក់ពី លោក ញ៉ឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង សរុបចំនួន ១៣២៥២ហិកតា។
លោក ប្រធានមន្ទីរកសិកម្មខេត្ត ក៏បានបន្ថែមថា ចំពោះការរៀបចំស្នើសុំស្រូវពូជពីក្រសួងកសិកម្មនោះ ខាងមន្ទីរបាន ដាក់សំណើសុំស្រូវពូជ ចំនួន ៤៨០២០០គីឡូក្រាម៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ