ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រាសគ្រឹះស្ថាននៅក្នុងខេត្តព្រះសីហនុ
January 24, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរ ទេសដល់ សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពក្នុងខេត្ត និងតំណាងសហគ្រាស គ្រឹះស្ថានក្នុងខេត្តព្រះសីហនុ ចំនួន ៦៦ មានដូចជា សណ្ឋាគារ និងការស៊ីណូ។

លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តព្រះសីហនុ បានធ្វើបទបង្ហាញ ទិដ្ឋភាពច្បាប់ពាក់ព័ន្ធនានា បែបបទនិតិវិធីនៃការស្នើសុំប័ណ្ណការងារជនបរទេសប្រចាំឆ្នាំ ការចុះធ្វើ អធិការកិច្ចចម្រុះហត្ថពលកម្មបរទេស ការផាកពិន័យ ការប្រើប្រាស់សេវាសាធារណរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បញ្ហាប្រឈម សំណូមពរ ការផ្សព្វផ្សាយនេះ វាមានសារសំខាន់ណាស់ ដើម្បីឱ្យម្ចាស់សណ្ឋាគារកាស៊ីណូបោះទីតាំងក្នុងខេត្តព្រះសីហនុចូលរួមអនុវត្តច្បាប់កម្ពុជាឱ្យមាន ប្រសិទ្ធិភាព។

  ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា គោលបំណងផ្សព្វផ្សាយខាងលើ ដើម្បីគណៈកម្មការអន្តរក្រសួងជម្រុញត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស និងដាក់ចេញ ផែនការសកម្មភាពរយៈពេល ៦ខែ ពីចាប់ពីខែមករា ដល់ខែមិថុនា ដោយបែងចែកជាពីរដំណាក់កាល ដំណាក់កាលទី១.ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់សហគ្រាស គ្រឹះស្ថានរយៈពេល ៣ខែ ចាប់ពីខែមករាដល់ខែមីនា ២០២៣ ស្តីពីគោលការណ៍វិធានការច្បាប់ ស្តីពីការងារច្បាប់ស្តីពីអន្តោ ប្រវេសន៍ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាក្នុងការគ្រប់គ្រងហត្ថពលកម្ម បរទេសក្នុងព្រះរាជាណាចក្រ កម្ពុជា ឱ្យមានការយល់ដឹង និងចូលរួមអនុវត្តច្បាប់គ្រប់ៗគ្នា ទន្ទឹមនោះត្រូវរៀបចំបញ្ជីស្វ័យត្រួត ពិនិត្យ សហគ្រាស គ្រឹះស្ថានប្រើប្រាស់ហត្ថពលកម្មបរទេស ឱ្យម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថានដែល ប្រើប្រាស់ហត្ថពលកម្មបរទេស ធ្វើស្វ័យប្រកាសមករដ្ឋបាលរាជធានី ខេត្ត មុនថ្ងៃទី១៥ ខែមីនា ២០២៣ ដំណាក់កាលទី២.ជាដំណាក់កាលចុះប្រតិបត្តិការអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់ហត្ថពលកម្មបរទេសដោយផ្អែកតាមស្វ័យរបាយការណ៍ និងប្រតិទិនការងាររយៈពេល ៣ខែចាប់ពីខែមេសា ដល់ខែមិថុនា ២០២៣ អនុវត្តតាមគោលការណ៍ច្បាប់ឱ្យបានរលូន និងមាន ប្រសិទ្ធិភាព ទន្ទឹមនោះយើងត្រូវប្រមូលព័ត៌មានគ្រប់ជ្រង់ជ្រោយត្រៀមកម្លាំង ឧបករណ៍ សម្ភារៈ បច្ចេកទេស និងកិច្ចអន្តរាគមន៍ក្នុងករណីចាំបាច់នានា។ រៀបចំបញ្ជីគោលដៅ លិខិតជូនដំណឹងដល់ ម្ចាស់គោលដៅ ផ្អែកតាមស្វ័យរបាយការណ៍នៃសហគ្រាស គ្រឹះស្ថានដែលបានប្រើប្រាស់ ហត្ថពលកម្ម បរទេស។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា យើងមិនមានការអនុគ្រោះទៀតទេ ដើម្បីឱ្យម្ចាស់សហគ្រាស គ្រឹះស្ថានដែលមានទីតាំងក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចូលរួមអនុវត្តច្បាប់ទាំងអស់គ្នាហើយការចុះអនុវត្ត គឺយើងពិនិត្យដំបូងគេ គឺកន្លែងណាធំ ដើម្បីធ្វើជាគំរូដោយមិនទុកឱកាសឱ្យត្រីងៀតស្លៀតពង ឬកន្ទេលធំប្រឡំដេកនោះទេ សូមអស់លោក លោកស្រីដែលជាតំណាងពេលត្រឡប់ទៅវិញត្រូវរាយ ការណ៍ជូនថៅកែ ឬម្ចាស់សណ្ឋាគារ កាស៊ីណូ ព្រោះយើងមិនស្វាគមន៍អ្នកដែលមិនគោរពច្បាប់នោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ឱកាសឱ្យតំណាងសហគ្រាស គ្រឹះស្ថានលើកជាសំណួរ ចម្ងល់ ដើម្បីរួមគ្នាទទួលខុសត្រូវ ព្រមទាំងណែនាំឱ្យមន្ទីរការងារធ្វើលិខិតអញ្ជើញម្ចាស់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តព្រះសីហនុ ចូលរួមការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រាស និងគ្រឹះស្ថានទូទាំងខេត្តព្រះសីហនុ ឱ្យបានគ្រប់ៗ គ្នានៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ