logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ
58
16-October-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នៅថ្ងៃច័ន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈ អភិបាល ខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធិយ៉ាងច្រើនកុះករ បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប៦ឆ្នាំ ព្រះករុណាសម្តេចព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ (២០១២ ២០១៨) ពិធីនេះ បាន ប្រព្រឹត្តទៅនៅលើសួនឧទ្យានក្រុងសែនមនោរម្យ។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានលើកឡើងថា មន្រ្តីរាជការ ជាកូនចៅចងចាំមិនភ្លេចនូវព្រះមហាគុណូបការៈដ៏ថ្លៃថ្លា វិសេសវិសាល និងឧត្តុង្គឧត្តម របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ការ បង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសព្រះរាជវរសកម្មភាពដ៏លើសលប់របស់ព្រះអង្គ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាន ឯកបូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹតភាព និងកិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោក។ ឯកឧត្តមបានបញ្ជាក់ថា ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ ព្រះ អង្គបានបំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យបានទាំងស្រុងពីអាណានិគមបារាំងនៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣។ ក្នុងមួយឆាកជីវិតរបស់ព្រះអង្គ ព្រះអង្គបានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណក្នុង ព្រះ​រាជសកម្មភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ ឯករាជ្យ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ជាពិសេស នៅក្នុងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងធំធេង ក្នុងការទាមទារឯករាជ្យ ពេញលេញជូន ជាតិមាតុភូមិ និងប្រជារាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ រហូត ដល់​ព្រះ​អង្គបានទទួលនូវព្រះបរមនាមជា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង​ឯកភាពជាតិខ្មែរ។

      ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ បាន​និ​មន្ត​ព្រះសង្ឃ ដើម្បីធ្វើពិធីបង្សុកូលឧទ្ទិសកុសលថ្វាយព្រះរាជកុសលដល់ ព្រះវិញ្ញាណក្ខន្ធ ព្រះករុ​ណា​សម្តេច​ព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯក​ភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ។

      គួររំលឹកដែរថា ព្រះមហាវីរក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះរោគគាពាធ៕គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ