logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ចាម រៀបចំវេទិកាផ្សព្វផ្សាយ និងពិ គ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកកងមាស
23
30-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ នៅស្រុកកងមាស ដែលវេទិការនេះបានប្រារព្ធ នៅបរិវេណវត្តមុនីសាលវ័ន ស្ថិតក្នុងភូមិសំបូរមាស ២ ឃុំពាមជីកង ស្រុកកងមាស ក្រោមអធិបតីភាពរបស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហោ ប៉េង សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកងមាស និងឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដាអភិបាល ខេត្តកំពង់ចាម។ វេទិកានេះ មានការចូលរួម ពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ ផងដែរ ។

ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណង ដើម្បី ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក ។ ក្រៅពីនោះ វេទិកានេះ ក៏នឹងផ្តល់នូវឱកាស ផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ផងដែរ ក្នុងការបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បី ឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះ តម្រូវការ និងសំណូមពរ ដែលបានស្នើឡើង ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលរងខេត្ត និងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងអាជ្ញាធរ ក៏បានឆ្លើយបំភ្លឺនូវសំណើ និងសំណូមពរ ដែលអង្គវេទិកា បានលើកឡើង ផងដែរ ។

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម គូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំង លទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈ ការអនុវត្តសកម្មភាព ក្នុងរយៈពេលកន្លងមក ដើម្បី ឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេស ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ។ ឯកឧត្តម បញ្ជាក់ដែរថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានឆ្លើយនូវបញ្ហាអាទិភាពសំខាន៎ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។ លើសពីនេះទៀតនោះ តាមរយៈ ការសម្របសម្រួលវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួម របស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ក្នុងការលើកឡើងជាសំណើ សំណូមពរ កង្វល់ និងទំនាស់ ចំនួន៥២ ត្រូវបានឆ្លើយតប និងបកស្រាយបំភ្លឺបាន ចំនួន០៦ ដោយឡែកសំណួរ និងសំណូមពរដែលនៅសេសសល់ចំនួន៤៦ ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយបន្តនៅពេលក្រោយ ដែលរួមមាន៖ ស្នើសុំអាគារសិក្សា សំណើផ្លូវ លូរំដោះទឹកភ្លៀង ប័ណ្ណកម្មសិទ្ធិដីធ្លី ការស្នើសុំរៀតភ្ជាប់ប្រព័ន្ធទឹកស្អាត និងបណ្តាញអគ្គីសនី៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ