នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចុះជួបដោយផ្ទាល់ជាមួយក្រុមការងារ ប្រជាកសិករ និងឈ្មួញរោងម៉ាស៊ីនកិនស្រូវតាមបណ្តាគោលដៅមួយចំនួន ក្នុងស្រុកអូរជ្រៅ ព្រះនេត្រព្រះ និងស្រុកស្វាយចេក ឃើញថា ស្ថានភាពការប្រមូផលស្រូវ និងតម្លៃនៃការលក់ស្រូវរបស់បងប្អូនគឺរក្សាបានតម្លៃល្អសមស្របទៅនឹងតម្លៃដែលបានកំណត់។
ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានយកចិត្តទុកដាក់គិតគូរខ្ពស់ដល់ប្រជាកសិករ ដោយផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លា ជាមូលនិធិទិញស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់ ក្រុមហ៊ុនប៉ៃតង រោងម៉ាស៊ីនកិនស្រូវ ការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្របជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។
ក្នុងរយៈពេលអនុវត្តន៍ប៉ុន្មានសប្តាហ៍មកនេះ ការចូលរួមយ៉ាងសកម្មចុះសម្របសម្រួលគ្រប់ទីកន្លែង នៃការប្រមូលផលស្រូវវស្សាដើមរដូវ ប្រភេទស្រូវផ្កាម្លះតាមបណ្តាឃុំ ភូមិក្នុងខេត្ត ពីសំណាក់ក្រុមការងារចម្រុះរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោង ម៉ាស៊ីនកិនស្រូវបៃតង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និង ជនបទ អភិបាលស្រុក មេឃុំ រោងម៉ាស៊ីនកិនស្រូវ បានចុះអន្តរាគមន៍សម្របសម្រួល នៃការរៀបចំប្រមូលផ្តុំទិញលក់ស្រូវប្រជាកសិករតាមគោលដៅនានា តាមតម្លៃកំណត់យកថ្លៃគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ (ស្រូវសើម) មិនក្រោម ៩បាត ក្នុង ១គីឡូក្រាម ឬ ១ ០៤០រៀល ក្នុង ១គីឡូ។
ជាមួយគ្នានេះ សូមគោរពថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រុមហ៊ុនប៉ៃតង របស់លោកឧកញ៉ា ភូ ពុយ រោងម៉ាស៊ីនកិនស្រូវ និងក្រុមការងារពាក់ព័ន្ធអាជ្ញធរដែនដី ដែលបានជួយដោះស្រាយបញ្ហាតម្លៃស្រូវរក្សាតម្លៃលក់របស់ប្រជាកសិករក្នុងខេត្ត ពិសេសតាមបណ្តាស្រុកឃុំដែលមានស្រូវស្រាលដើមរដូវក្នុងឆ្នាំនេះ និងបន្តជួយទិញបងប្អូនប្រជាកសិករបន្តទៀតផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ