រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន រៀបចំវេទិការអនាម័យ បរិស្ថានស្តីពី «យុវជនជាចលករ ក្នុងការកាត់បន្ថយសំណល់បា្លស្ទីក»
November 15, 2022 អ្នកទស្សនា :

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន រៀបចំវេទិការអនាម័យ បរិស្ថានស្តីពី «យុវជនជាចលករ ក្នុងការកាត់បន្ថយសំណល់បា្លស្ទីក» ក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈភិបាលខេត្តកំពង់ចាម និងលោកជំទាវ ងិន លីណា អគ្គនាយិការងតំណាង ឯកឧត្តម វ៉ាន់ មុនីនាទ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងវេទិកាអនាម័យបរិស្ថាន ក្រោមប្រធានបទ «យុវជនជាចលករ ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក» នៅបវិវេណវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីលោក លោកស្រី ជាប្រធានមន្ទីរ មន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ ព្រមទាំង លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស យ៉ាងច្រើនកុះករ ផងដែរ ។

ក្នុងឱកាសនោះឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ថា យុវជន ជាក្រុមគោលដៅស្នូល ក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទិក នៅទីធ្លាសាលារបស់ពួកគាត់ ដោយត្រូវធ្វើឲ្យទីធ្លាសាលាទាំងអស់ គ្មានកាកសំណល់ប្លាស្ទិក ពីព្រោះថា សកម្មភាពនេះ វានឹងផ្តល់នូវអត្ថប្រយោជន៍ និងអាកប្បកិរិយាល្អ ទៅកាន់អ្នកភូមិ ឬសហគមន៍ របស់គាត់ ។ ឯកឧត្តម អភិបាលរងខេត្ត ក៏បានចាត់ទុកថា ការរៀបចំទិវាអនាម័យបរិស្ថាន នាថ្ងៃនេះ ក៏ជាឱកាសមួយ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមបញ្ជ្រាបចំណេះដឹង ដើម្បីកាត់បន្ថយសំណល់រឹង និងសំណល់ប្លាស្ទិក សម្រាប់ការកែលម្អជីវភាពរស់នៅ ប្រកបដោយនិរន្តរភាព ចំណុចនេះសិស្សានុសិស្ស ឬយុវជនជំនាន់ក្រោយនឹងចូលរួម និងអនុវត្ត សម្រាប់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងតំបន់ និងសហគមន៍របស់ពួកគេ ។ ជាមួយគ្នានេះ យើងក៏ត្រូវលើកទឹកចិត្តសិស្សានុសិស្ស សហគមន៍ ឱ្យចេះកាត់បន្ថយ (ដោយការញែកកាកសំណល់) សំណល់រឹង ឬសំណល់ប្លាស្ទិក នៅក្នុងសាលារៀន ឬសហគមន៍ របស់ពួកគេ តាមរយៈ ការបង្ហាញរបស់ពួកគេ ឬសកម្មភាពមួយចំនួន ដែលអាចធ្វើទៅបាន ក្នុងអត្ថន័យក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក ។ ជាមួយនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ចំពោះ ក្រសួងបរិស្ថាន ដែលបានរៀបចំវេទិកាអនាម័យបរិស្ថាន នៅខេត្តកំពង់ចាម នាឱកាសនេះផងដែរ។

ឯកឧត្តម អភិបាលរងខេត្ត បញ្ជាក់ដែរថា បច្ចុប្បន្ន នៅខេត្កកំពង់ចាម មានទីលានចាក់សម្រាម ១កន្លែង ទំហំ ១១ហិចតា នៅឃុំបុសខ្នុរ ស្រុកចំការលើ មានចំងាយ ៣០គីឡូម៉ែត្រ ពីទីរួមខេត្ត និងនៅតាមបណ្តាស្រុកដទៃទៀត មានទីលានទំហំតូចៗ តែប៉ុណ្ណោះ ។ ទីលានចាក់សំរាមនេះ មិនអាចធានាបាន នូវការកើនឡើងសម្រាម ជាប្រចាំថ្ងៃឡើយ ។ ជាក់ស្តែងខេត្តកំពង់ចាម បរិមាណសំរាម មានចំនួន ១២៣តោន ក្នុង១ថ្ងៃ ក្នុងនោះសម្រាប់ក្រុងកំពង់ចាម មានសំរាម ចំនួន ៩០តោន ក្នុង ១ថ្ងៃ ហើយបរិមាណសំរាមនេះ ក្រុមហ៊ុនប្រមូលសំរាម បានប្រមូលតាមខ្នងផ្ទះចំនួន ៤.០០០ខ្នងផ្ទះប៉ុណ្ណោះ ដែលស្មើនឹង ៤៦% នៃខ្នងផ្ទះសរុបក្នុងក្រុងកំពង់ចាម ចំនួន ៩.២២៦ខ្នង ។ ម្យ៉ាងវិញទៀត ការគ្រប់គ្រងសំណល់ប្លាស្ទិកនេះ ត្រូវផ្តើមចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បី ធ្វើយ៉ាងណាកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ឱ្យបានអតិបរិមា ។ សម្រាប់ព្រឹត្តិការណ៍ទិវាបរិស្ថាន អ្នកពាក់ព័ន្ធទាំងអស់ ត្រូវណែនាំពីផលប៉ះពាល់របស់ប្លាស្ទិកលើបរិស្ថាន និងសុខភាពមនុស្ស សត្វ ។ នៅតាមសាលារៀន និងភូមិស្ថានត្រូវតែស្អាត និងគ្មានសំណល់ប្លាសិកនៅរាយប៉ាយ ដោយផ្តើមចេញពីការផ្លាស់ប្តូរឥរិយាបទ របស់សហគមន៍។

លោកជំទាវ ងិន លីណា អគ្គនាយិការងតំណាង ឯកឧត្តម វ៉ាន់ មុនីនាទ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន មានប្រសាស៍ផងដែរថា វេទិកាអនាម័យបរិស្ថាននេះ គឺជាសកម្មភាព និងលំនាំថ្មីមួយផ្សេងទៀត ដែលគ្រប់ស្ថាប័នថ្នាក់ក្រោមជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធយកទៅពិភាក្សា អនុវត្ត និងសហការ ក្នុងការទទួល ខុសត្រូវ ចំពោះ ការបំពុលដោយសំណល់ប្លាស្ទិកសមុទ្រ និងជំរុញឱ្យមានការកែច្នៃវត្ថុធាតុដើមពីសំណល់ តាមរយៈ ការគ្រប់គ្រងសំណល់ប្រកបដោយសុវត្ថិភាព ។ ក្រៅពីនោះ វេទិកាថ្ងៃនេះ ក៏ជាការជំរុញឱ្យយុវជន សិស្សានុសិស្ស និងមហាជននានា ចូលរួមក្នុងការកាត់បន្ថយសំណល់ ជាពិសេស សំណល់ប្លាស្ទិក ដើម្បីជា វឌ្ឍនភាពក្នុងការជំរុញសោភ័ណភាពសហគមន៍ ក៏ដូចជាការជំរុញវិស័យទេសចរធម្មជាតិ និងទេសចរក្នុង តំបន់ឱ្យកាន់តែមានភាពទាក់ទាញ ផងដែរ។

គួរបញ្ចាក់ថា៖ វេទិការអនាម័យបរិស្ថាន ក្រោមប្រធានបទ «យុវជនជាចលករ ក្នុងការ កាត់បន្ថយសំណល់ប្លាស្ទិក» ដែលរៀបចំដោយនាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន និងដោយមានកិច្ចសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន(ERIA)៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ