logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៦៥គ្រួសារ ស្រុកកណ្ដៀង
5
30-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ពោធិ៍សាត់ ៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១៦៥គ្រួសារ នៅក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក ឆាយ គឹមម៉ុង ប្រធានកិត្តិយ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកណ្តៀង បានជម្រាបជូនថា ដោយភ្លៀងនៅតែបន្តធ្លាក់គ្រប់តំបន់នាពេលបច្ចុប្បន្ននេះ ផ្ទៃរងទឹកភ្លៀងមានការកើនឡើងនូវកម្ពស់ទឹកខ្ពស់ រួមផ្សំជាមួយជំនន់ទឹកស្ទឹងពោធិ៍សាត់ មានការកើនឡើងផងដែរ ទើបបណ្ដាលឱ្យភូមិផ្ទះគរ ទទួលរងនៅការលិច ដល់លំនៅឋានប្រជាពលរដ្ឋ និងខូចខាតផ្លូវថ្នល់ហេដ្ឋារចនាសម្ព័ន្ធចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញា លើផ្ទៃដី ចំនួន៨២៩ហិចតា ដែលជាផ្ទៃដីអាស្រ័យផល និងផ្ទៃដីលំនៅឋាន។

លោក បន្ដថា ប្រជាពលរដ្ឋរងផលប៉ះពាល់ ចំនួន៣ភូមិ មានភូមិផ្ទះគរ ចំនួន១១៥គ្រួសារ ឃុំព្រែកឈើត្រាវចំនួន១៥គ្រួសារ និងភូមិបឹងឈូក ចំនួន៣៥គ្រួសារ និងបណ្ដាលឱ្យខូចខាត សាលារៀន ចំនួន១កន្លែង ទឹកហូររាជផ្លូវប្រវែង៣.២៧០ម៉ែត្រ និងហូរច្រោះដាច់ផ្លូវ ចំនួន៣កន្លែង ស្មើនឹង៧០ម៉ែត្រ ក្រុមការងារអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក បានធ្វើការជម្លាសមនុស្ស ចំនួន១៥គ្រួសារ និងសត្វពាហនៈ ចំនួន១០ក្បាល ទៅទីទួលសុវត្ថិភាព។

លោក បានលើកឡើងថា ប្រសិនបើដងស្ទឹងពោធិ៍សាត់ ដែលទទួលប្រភពទឹកពី ស្ទឹងប្រម៉ោយ ស្ទឹងអារែង និងស្ទឹងព្រៃខ្លុង នៅតែមានការកើតឡើងនោះ មូលដ្ឋានស្រុកកណ្ដៀងទាំងមូល និងប្រឈមបញ្ហាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ព្រោះលំហូរទឹកស្ទឹងកណ្ដៀងនាពេលបច្ចុប្បន្ននេះ និងកំណើនទឹកទន្លេសាប ដែលមានការកើនឡើងយ៉ាងគំហុក ធ្វើឱ្យទឹកស្ទឹងហូរចូលទន្លេមានសភាពយឺត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានជម្រាបជូនថា យោងតាមអនុសាសន៍ណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឱ្យសាខាត្រូវតែគិតគូរយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ពេលវេលា ដោយមិនទុកឱ្យនរណាម្នាក់រងទុក្ខវេទនា ដោយសារយើងមិនបានគិតគួរនោះឡើយ។

លោក បន្ថែមថា ជាក់ស្តែងដោយទទួលបានរបាយការណ៍ ពីលោកប្រធានកិត្តិយស អនុសាខាស្រុក និងមើលឃើញពីការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ ទើបថ្ងៃនេះក្នុងនាមគណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា សហការជាមួយអនុសាខាស្រុកកណ្តៀង បានរៀបចំផ្តល់អំណោយមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន១៦៥គ្រួសារ នៅភូមិផ្ទះគរនាពេលនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងទឹកត្រី១យួរ។ ឯកឧត្តម បានបន្ថែមថា ចំពោះសម្ភារៈដែលយកមកចែកជូននាពេលនេះ គឺបានមកពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមានព្រះសង្ឃចូលរួមបរិច្ចាគផងដែរ។

ឯកឧត្តមក៏បានជម្រាបជូនទៀតថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃមកនេះ ប្រទេសកម្ពុជាបានរងឥទ្ធិពលខ្យល់ព្យុះទីហ្វុង ណូរុ(Noru) ដែលធ្វើឱ្យខេត្តជាច្រើន នៃប្រទេសកម្ពុជា រងគ្រោះដោយទឹកជំនន់។ ជាក់ស្ដែងខេត្តពោធិ៍សាត់យើង បច្ចុប្បន្នទទួលរងគ្រោះ ២ស្រុក គឺស្រុកក្រគរ និងស្រុកកណ្ដៀង តែស្ថានភាពមិនធ្ងន់ធ្ងរ ដែលអាចធូរស្បើយក្នុងពេលដ៏ខ្លីខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះគិតគូរដោយខ្លួនឯង ក្នុងការប្រកបរបរចិញ្ចឹមជីវិត ព្រោះអំណោយទាំងនេះ គឺជាការដោះស្រាយបានតែមួយគ្រាតែប៉ុណ្ណោះ មិនមែនជារបបប្រចាំថ្ងៃ ឬប្រចាំខែនោះទេ គឺយើងត្រូវការចែករំលែកអំណោយមនុស្សធម៌នេះនៅទូទាំងខេត្ត ព្រោះភាពរងគ្រោះមានច្រើនណាស់។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេងតូចៗ កុំឱ្យលេងទឹក និងត្រូវចេះថែរក្សាសុខភាព អនាម័យខ្លួនប្រាណ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាប្រចាំ និងចេះការពារជំងឺរាតត្បាតផ្សេងៗ ដូចជាជំងឺកូវីត-១៩ជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ