ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ក្រុងនិងសង្កាត់ នៃក្រុងស្វាយរៀង
September 23, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ ក្រុងនិងសង្កាត់ នៃក្រុងស្វាយរៀង ឆ្នាំ២០២២ ។

សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយករងរដ្ឋបាលសាលាក្រុង ការិយាល័យនានាចំណុះសាលាក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់ទាំង៧ ព្រមទាំងតំណាងអង្គការដៃគូ និងអ្នកពាក់ព័ន្ធនានា សរុបចំនួន ៥៣នាក់ ស្រី២៣នាក់។

មានប្រសាសន៍ថ្លែងនៅក្នុងសិក្ខាសាលានេះ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្ដម លោក លោកស្រី និងអ្នកពាក់ព័ន្ធទាំងអស់ បើទោះបីជានៅក្នុងបរិបទជំងឺកូវីដ-១៩ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសកម្មតាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលនៃការធ្វើសមាហរណកម្មនាពេលនេះក្នុងគោលបំណងស្វែងរកការគាំទ្រសកម្មភា​ពអភិវឌ្ឍន៍ជាអាទិភាពនានារបស់ខ្លួន សម្រាប់ឆ្នាំខាងមុខពីបណ្តាមន្ទីរ អង្គភាពជំនាញ អង្គការជាតិ-អន្តរជាតិ និងសប្បុរសជន ដើម្បីកិច្ចអភិវឌ្ឍន៍មូលដ្ឋានក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការ ដោយឈរ​លើគោលការណ៍ជាមូលដ្ឋាន នៃអភិបាលកិច្ចល្អ ដោយគិតគូរអំពីសេវាសាធារណៈ ដើម្បីបម្រើ ឬផ្តល់សេវាផ្សេងៗ ដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង និងបង្ហាញពីឆន្ទៈចូលរួមក្នុងការកសាងអភិវឌ្ឍន៍មូលដ្ឋានផ្ទាល់របស់ខ្លួន បើកឱកាសជូនសាធារណជន អាចឃើញ ដឹងឮ នូវអ្វីដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើ និងបម្រុងនឹងធ្វើក្នុងស្មារតីទទួលខុសត្រូវ ចំពោះជោគវាសនាអនាគត រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ និងប្រតិបត្តិការប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។

ឯកឧត្តមក៏បានសំណូមពរដល់ក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្ដាប់ឲ្យបាននូវធាតុចូលនានាដែលទទួលបានពីអង្គសិក្ខាសាលានៅថ្ងៃនេះ និងយកធាតុចូលទាំងនោះ សម្រាប់ធ្វើជាមូលដ្ឋាន ដើម្បីច្របាច់បញ្ចូលគ្នាឈានទៅកែសម្រួលបញ្ចប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ និងកិច្ចសន្យានានា រួចផ្ញើឯកសារទាំងនេះ ទៅទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ទីរផែនការខេត្ត ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដោយមានមន្រ្តីការិយាល័យគាំទ្រឃុំ-សង្កាត់ ជាអ្នកជួយ និងចូលរួមទទួលខុសត្រូវ ជំរុញការអនុវត្តឱ្យកិច្ចការនេះប្រព្រឹត្តទៅបានល្អ និងទាន់ពេលវេលាតាមកាលកំណត់។

លទ្ធផល នៃអង្គសិក្ខាសាលា ៖ ឆ្នាំ២០២៣ខាងមុខ គម្រោងវិនិយោគក្រុងស្វាយរៀង មានចំនួន ៣៤ គម្រោង ពុំមានការសន្យាគាំទ្រ ។ចំពោះគម្រោងវិនិយោគសង្កាត់ ទាំង៧ ក្នុងក្រុង មានចំនួន ១៤២គម្រោង មានការសន្យាគាំទ្រចំនួន ៧៨ គម្រោង ស្មើនឹង ៥៤,៩៣ % ក្នុងនោះ មានការសន្យាគាំទ្រក្រៅគម្រោង មានចំនួន ៤៣គម្រោងស្មើនឹង៥៥,១៣ % ហើយមានការសន្យាគាំទ្រក្នុងគម្រោង មានចំនួន ៣៥គម្រោង ស្មើនឹង ៤៤,៨៧ % ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ