logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ
39
29-September-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើការងារគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ បានបន្តចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅភូមិសាស្ត្រឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិនាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រុង-ស្រុកចំនួន៥ នៅក្នុងខេត្តបន្ទាយមានជ័យ កំពុងជួបបញ្ហាគ្រោះទឹកជំនន់។ ក្នុងនោះប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៧ពាន់គ្រួសារ ហើយគ្រោះទឹកជំនន់នេះ បានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៤នាក់ផងដែរ។ ក្រុង-ស្រុកទាំង៥ កំពុងជួបគ្រោះទឹកជំនន់នោះ រួមមាន៖ ស្រុកសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ទឹកជំនន់នេះ ប៉ះពាល់ពលរដ្ឋសរុបចំនួន ៧,៤៩១គ្រួសារ ស្មើនឹងប្រមាណ ៣៣,០០០នាក់ និងបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ២៩៧គ្រួសារ និងប៉ះពាល់ស្រូវជាង ២៦,០០០ហិកតា, ដំឡូងមីជាង ៩០០ហិកតា, វត្តអារាមចំនួន ២២, សាលារៀន៤១, មណ្ឌលសុខភាពចំនួន៣ និងផ្លូវចំនួន ២៧៣កន្លែង ស្មើនឹងប្រវែង ១៧២ , ២៣៣ ម៉ែត្រ។

ក្នុងដំណើរចុះពិនិត្យស្ថានភាពលិចលង់នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើដំណើរដោយជិះទូកផង លុយទឹកផង ឆ្ពោះទៅកាន់លំនៅឋានប្រជាពលរដ្ឋរងការជន់លិច។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាននាំយកអំណោយស្បៀងអាហារជាអំណោយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅចែកជូនប្រជាពលរដ្ឋដែលរងការជន់លិចនោះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខជូនពលរដ្ឋរងគ្រោះទាំងអស់ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី អនុប្រធានទី១ ក៏បានចូលរួមសម្តែងការសោកស្តាយចំពោះផលប៉ះពាល់ ក៏ដូចជាការខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់នាពេលនេះ។

បើទោះបីជាយ៉ាងណា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាបប្រជាពលរដ្ឋថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានណែនាំឱ្យត្រៀមលក្ខណៈរួចហើយក្នុងការជួយពលរដ្ឋ ដើម្បីស្តារការខូចខាតឡើងវិញ ក្រោយពេលទឹកស្រកទៅវិញ។ អ្វីដែលត្រូវយកចិត្តទុកដាក់នៅពេលនេះ គឺត្រូវរក្សាសុខភាព រក្សាអាយុជីវិតពីគ្រោះទឹកជំនន់។

ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវត្រៀមជានិច្ច ក្នុងការចុះជួយសង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់ រួមទាំងបញ្ជូនពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ