ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីប្រកាសបើកយុទ្ធនាការ «គ្រួសាររឹងមាំ» ដែលជាយុទ្ធនាការលើកកម្ពស់ការយល់ដឹង ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ
September 19, 2022 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់​កិច្ច​ការស្ដ្រី និងកុមារ (គ.ក.ស.ក) ខេត្តកណ្ដាល និងលោកជំទាវ ហ៊ុន កុសនី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមកិច្ចការពារកុមារខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីប្រកាសបើកយុទ្ធនាការ «គ្រួសាររឹងមាំ» ការលើកកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងការទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ ក្រោមអធិបតីភាពលោកជំទាវ ច័ន្ទ ហារ៉ានវដ្តី អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារបច្ចេកទេស លើកកម្ពស់ការយល់ដឹង និងទប់ស្កាត់អំពើហិង្សាលើកុមារ នៅសាលប្រជុំសាលាខេត្តកណ្តាល។

លោកជំទាវ ច័ន្ទ ហារ៉ានវដ្តី អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារបច្ចេកទេស លើកកម្ពស់ការយល់ដឹងនិងទប់ស្កាត់អំពើហិង្សាលើកុមារ បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍មួយបានបង្ហាញពីការយកចិត្តទុកដាក់រួមគ្នា ក្នុងការលុបបំបាត់អំពើហិង្សាលើកុមារ និងអំពើរំលោភបំពានផ្សេងៗមកលើកុមារ សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារនៅកម្ពុជា។

លោកជំទាវ បានបន្ថែមទៀតថា ទន្ទឹមនិងនេះ យុទ្ធសាស្ត្រប្រាស្រ័យទាក់ទង លើកកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ ដែលហៅកាត់ថា (Cambodia PROTECT) និងបានផ្តួចផ្ដើមឡើងដោយសហការរៀបចំជាមួយអង្គការយូនីសេហ្វ ដែលត្រូវបានអនុវត្តតាមរយ:យុទ្ធនាការ "គ្រួសាររឹងមាំ" ដើម្បីឱ្យយើងទាំងអស់គ្នាបានយល់ប្រាកដថា គ្រួសារគឺជាទីកន្លែងមួយ ដែលមានបរិយាកាសប្រកបដោយសុវត្ថិភាពដ៏ល្អប្រសើរបំផុតសម្រាប់ការលូតលាស់ និងអភិវឌ្ឍន៍របស់កុមារ។

ក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានឱ្យដឹងថា ស្ត្រី និងកុមារនៅតែជាបញ្ហាអាទិភាព ហើយបញ្ហាកិច្ចការពារកុមារខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់និងគាំទ្រ ដូចដែលយើងបានជ្រាបតាមរយៈមតិស្វាគមន៍របស់លោកជំទាវប្រធាន គ.ក.ស.ក រួចមកហើយ ថី្វបើនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពកិច្ចការពារកុមារនៅខេត្តកណ្ដាលមានភាពល្អប្រសើរឡើងជាលំដាប់ ប៉ុន្តែនៅតែមានកុមារមួយចំនួន នៅតែប្រឈមនឹងបញ្ហាកិច្ចការពារនៅឡើយ។

លោកជំទាវ បានបន្តទៀតថា ដើម្បីឆ្លើយតប នឹងចូលរួមដោះស្រាយអំពើហិង្សាលើកុមារក្នុងនាមជាអាជ្ញាធរខេត្ត យើងប្តេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីឲ្យស្ថានភាពកុមារបានល្អប្រសើរជាងមុន និងខិតខំផ្សព្វផ្សាយលើកកម្ពស់បង្កើតការយល់ដឹង និងបង្ការទប់ស្កាត់ និងឆ្លើយតបលើគ្រប់ទម្រង់នៃអំពើហិង្សាលើកុមារ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ