ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អនុញ្ញាតជូនឯកឧត្តម Park Sungjin អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងជម្រាបលា
August 03, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតជូនឯកឧត្តម Park Sungjin អគ្គកុងស៊ុល នៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនពេលបញ្ចប់អាណត្តិ អគ្គកុងស៊ុលប្រចាំខេត្ត នៅសាលាខេត្តសៀមរាប។

នាឱកាសនោះដែរ ឯកឧត្តម Park Sungjin អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប បានសម្តែងនូវការកោតសរសើរ ពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី ក៏ដូចជាពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តសៀមរាប លើកិច្ចអភិវឌ្ឍន៍នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់នៅក្នុងបរិបទកូវីដ-១៩ ខេត្តសៀមរាប មានកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងសៀមរាប ដែលជាក្រុងគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ  អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយក៏ជាទីក្រុងមួយដែលមានការអភិវឌ្ឍន៍ជឿនលឿនទៀតផង។

ឯកឧត្តម ក៏បានថ្លែងអំណរគុណផងដែរ ពីភាពយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការងារសុខភាពសាធារណៈ សំខាន់ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយមិនបានប្រកាន់ពូជសាសន៍ពណ៌សម្បុរដោយឥតគិតថ្លៃ សំខាន់ប្រជាជនកូរ៉េ នៅកម្ពុជាបានចាក់គ្រប់ៗគ្នាផងដែរ។ ម៉្យាងទៀត ក៏បានយកចិត្តទុកដាក់លើសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាជនកូរ៉េ ហើយដែលមានប្រជាជនកូរ៉េប្រមាណ ២០០០នាក់ កំពុងរស់នៅប្រកបមុខរបរការងារអាជីកម្មនៅខេត្តសៀមរាប។ ឯកឧត្តម ក៏បានបញ្ជាក់ថា ដោយបញ្ហាវិបត្តិកូវីដបានធ្វើឱ្យមានភាពអសកម្មលើកិច្ចទំនាក់ទំនងសហប្រតិបត្តការរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី នៃសាធារណរដ្ឋកូរ៉េ ជាមួយខេត្តសៀមរាប។

ឯកឧត្តម ក៏បានឱ្យដឹងផងដែរថា ការហោះហើរត្រង់ពីកូរ៉េមកកាន់ខេត្តសៀមរាបនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ និងធ្វើឱ្យកំណើនភ្ញៀវទេសចរណ៍ចូលមកកាន់ខេត្តសៀមរាប និងមានភាពប្រសើរឡើងវិញ។ ម៉្យាងទៀត ឯកឧត្តម ក៏នឹងជម្រុញដល់កិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងថាក្នុងរយៈពេល ៣ឆ្នាំ មកនេះ ឯកឧត្តម អគ្គកុងស៊ុល បានធ្វើកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អ ជាមួយរដ្ឋបាលខេត្តសៀមរាប ទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។ ម៉្យាងទៀតក្នុងពេលកន្លងមក អគ្គកុងស៊ុលកូរ៉េប្រចាំខេត្ត ក៏បានធ្វើការសម្របសម្រួលនូវការងារមួយចំនួន ជាមួយបណ្តាខេត្ត ក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប។ ក្នុងនោះ ឯកឧត្តម ក៏បានលើកផងដែរថា ចំពោះកិច្ចទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្ត ក្រុងសម្ព័នមេត្រីជាមួយខេត្តសៀមរាប ដែលបានអសកម្មកន្លងមកដោយបញ្ហាជំងឺកូបីដ-១៩ ធ្វើឱ្យមានការអាក់ខានក៏ពិតមែន តែកិច្ចសហប្រតិបត្តិការទំនាក់ទំនងក៏រដ្ឋបាលខេត្តសៀមរាប នៅតែបន្តរក្សានូវចំណងមេត្រីភាពនឹងទៅមុខជានិច្ច។ មួយវិញទៀត នៅខែតុលាខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប រៀបចំក្រុមប្រតិភូមួយ ដឹកនាំដោយ ឯកឧត្តម អភិបាលខេត្តផ្ទាល់ ទៅបន្តការចុះហត្ថលេខាកិច្ចការយោគយល់គ្នារវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី ក្នុងការរឹតចំណងមិត្តភាពនៃប្រទេស និង ប្រជាជនទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តម ក៏បានលើកផងដែរ ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក លើវិស័យអប់រំ សុខាភិបាល កសិកម្ម ការផ្តល់អាហារូបករណ៍ទៅសិក្សា ព្រមទាំងការផ្តល់នូវសម្ភារៈផ្សេងៗជាច្រើនទៀត សំខាន់ក្រុងស៊ូវ៉ុន ក៏បានបង្កើតភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោម ព្រមទាំងសាងសង់ អគារសិក្សាថ្នាក់បឋម, អនុវិទ្យាល័យ និងវិទ្យាល័យទៀតផង។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានជម្រុញដល់វិស័យទេសចរណ៍ ចូលមកកម្ពុជានៅថ្ងៃខាងមុខ តាមជើងហោះហើរឆ្ពោះត្រង់មកខេត្តសៀមរាប នឹងធ្វើឱ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប មានការរីកចម្រើនឡើងវិញ ក្រោយពីបញ្ចប់វិបត្តិជំងឺកូវីដ-១៩៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ