logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគម្រោងបង្កើនការចូលរួម របស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងសំរាម ក្នុងក្រុងកំពង់ចាម
96
05-August-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគម្រោងបង្កើនការចូលរួម របស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងសំរាម ក្នុងក្រុងកំពង់ចាម ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ ព្រមទាំងមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ទាំង៤ ក្រុងកំពង់ចាម រួមទាំង តំណាងអង្គការ សង្គមស៊ីវីល វិស័យឯកជន គណៈអាជីវករផ្សារ និងអ្នកពាក់ព័ន្ធ សរុបអ្នកចូលរួមប្រមាណជា ៩០នាក់ ផងដែរ។

ថ្លែងក្នុងឱកាស ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត បានសំណូមពរដល់ អាជ្ញាធរក្រុង និងសង្កាត់ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ឱ្យចូលរួមសហការ ឱ្យបានសកម្មផុលផុស ដើម្បី ឱ្យក្រុងកំពង់ចាមយើង ក្លាយជាទីក្រុងស្អាត ជារៀងរហូត និងជាទីក្រុងមានសោភណ្ឌភាពល្អ ប្រជាពលរដ្ឋ មានអនាម័យ សុខភាពល្អបរិបូណ៌ ហើយសូមឱ្យទាំងអស់គ្នា ចាត់ទុកគម្រោងបង្កើនការចូលរួម របស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការគ្រប់គ្រងសំរាម ក្នុងក្រុងកំពង់ចាម ដែលបានផ្សព្វផ្សាយនាថ្ងៃនេះ ជាគម្រោងដែលបានចូលរួមចំណែក យ៉ាងសំខាន់ នៅក្នុងយុទ្ធសាស្ត្រប្រឡងប្រណាំងទីក្រុងស្អាត។

ឯកឧត្តម ខ្លូត ចិន្តា បានមានប្រសាសន៍បញ្ជាក់ថា ថ្វីត្បិតគម្រោងនេះមានរយ:ពេលតែ ២ខែ ក្តី តែជាគម្រោងមួយ ដែលតម្រូវឱ្យសមាសភាគចូលរួមពីគ្រប់ភាគី ជាពិសេស អាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ទាំង៤ វិស័យឯកជន គណៈអាជីវករផ្សារក្នុងក្រុង ក្រុមហ៊ុន ស៊ិនទ្រី - មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធនិងកងកំលាំងមានសម្ថកិច្ច សូមត្រៀមគ្រប់ពេលចូលរួម សហការជិតស្និទ្ធជាមួយក្រុមការងារ នៃសហគម្រោងនេះ។

ឯកឧត្តម មានប្រសាសន៍ដែរថា គោលបំណង នៃកិច្ចប្រជុំ នាពេលនេះ គឺធ្វើឡើងដោយយោងតាមខ្លឹមសារអនុក្រិត្យលេខ ១១៣ អ.ន.ក្រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវ សោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។ ឯកឧត្តម អភិបាលរងខេត្ត បានលើកឡើងថា នាពេលថ្មីៗកន្លងមកនេះ តាមរយៈសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២ .ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា. ហើយការបើកយុទ្ធនាការ .កម្ពុជាស្អាត. គឺមានគោលដៅឆ្ពោះទៅស្វាគមន៍ព្រឹត្តិការកីឡាស៊ីហ្គេម និងអាស៊ាន បារ៉ាហ្គេមឆ្នាំ២០២៣។ 

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម បានស្នើអង្គប្រជុំទាំងមូល បានជ្រាប និងអនុវត្ត ខាងតែបាននូវគោលការណ៍ សំខាន់៤ របស់រាជរដ្ឋាភិបាលកម្ពុជា គឺ ÷ ១.ចូលរួមពង្រឹងការទទួលខុសត្រូវរបស់ក្រសួងស្ថាបន័ អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ពន្ធ័នានាលើការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន និងទីសាធារណៈ។ ២.ប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក។ ៣.កំណត់វិធានការចាំបាច់ ដើម្បី បង្កើនប្រសិទ្ធិភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជន និងទីសាធារណៈ។ ៤.លើកកម្ពស់ការយល់ដឹងសាធារណ: និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការរៀបចំ និងការអនុវត្តវិធានការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ យ៉ាងណាមិញ កន្លងមក អាជ្ញាធរគ្រប់ថ្នាក់ គ្រប់ជំនាញ និងអ្នកពាក់ព័ន្ធនានា ពិតជាបានចូលរួមចំណែក ក្នុងការអនុវត្តការគ្រប់គ្រងសំរាម និងសំណង់រឹង បានយ៉ាងសស្រាក់សស្រាពេញទំហឹង ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ប៉ុន្តែ ទោះជាយ៉ាងណា យើងទាំង អស់គ្នា ក៏ត្រូវតែទទួលស្គាល់ និងក្លាហានក្នុងការទទួលយកនូវចំណុចខ្វះខាតសេសសល់ និងភាព អសកម្មរបស់យើងក្នុងការអនុវត្តការងារគ្រប់គ្រងសំរាមនេះ។ ដូច្នេះ ក្រោយពេលចប់កិច្ចប្រជុំនេះទៅ ក្រុងកំពង់ចាមយើងមានសំណាងល្អ ដោយបានអង្គការភ្នំស្រីដើម្បីអភិវឌ្ឍ(PSOD) អង្គការអ្នកអភិវឌ្ឍសហគមន៍(NAS) និងអង្គការ សកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍសង្គម (BSDA) ក្រោមជំនួយថវិកាស្តចស្ដើង របស់អង្គការ UNDP មកអនុវត្តក្នុងក្រុងកំពង់ចាម របស់យើង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ