រសៀលថ្ងៃពុធទី៣ ខែសីហា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ស្តីពីធ្វើបច្ចុប្បន្នភាពពត៌មាន និងសន្តិសុខលម្ហសមុទ្រដឹក នាំដោយលោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) ប្រធានក្រុមការងារបច្ចេក ទេស និងជាអគ្គលេខាធិការរង គ.ជ.ស.ស។
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថាខេត្តព្រះសីហនុ មានកោះចំនួន៣២ ក្នុងនោះ៖ក្រុងព្រះសីហនុ មានកោះចំនួន ៥ មានក្រុមហ៊ុនចំនួន៤ វិនិយោគលើកោះ៤,ក្រុងកោះរ៉ុង មានកោះ១៩ មានក្រុមហ៊ុនចំនួន៧ វិនិយោគលើកោះចំនួន៩,ស្រុកព្រៃនប់ មានកោះចំនួន៧ មាន ក្រុមហ៊ុនចំនួន១២ វិនិយោគលើកោះចំនួន៦,ស្រុកស្ទឹងហាវ មានកោះចំនួន១។
ក្នុងចំណោមកោះទាំង៣២ នៃខេត្តព្រះសីហនុ មានកោះចំនួន១៩ ត្រូវបានទទួលគោលការណ៍វិនិយោគ អភិវឌ្ឍពីរាជរដ្ឋាភិបាលដែលមាន ២៣ក្រុមហ៊ុន។
លោកអភិបាលរងខេត្តបន្តថាក្នុងនាមរដ្ឋបាលខេត្តស្វាគមន៍គណៈប្រតិភូដែលបានមកធ្វើបច្ចុប្បន្នភាព ព័ត៌មានសន្តិសុខលម្ហសមុទ្រនៅខេត្តព្រះសីហនុ ក៏ដូចជានៅតាមបណ្តាកោះមួយចំនួនទៀតក្នុងខេត្ត ជាប់សមុទ្រ។
លោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិកាជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) ប្រធានក្រុមការងារបច្ចេកទេស និងជាអគ្គលេខាធិការរង គ.ជ.ស.ស ក្រុមការងារត្រូវ ការទិន្នន័យថ្នីៗបន្ថែម ដើម្បីធ្វើការផ្ទៀងផ្ទាត់ ពិសេសការវិនិយោគនៅលើកោះ និងផលប៉ះពាល់ទៅ លើវិស័យការពារជាតិ។ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រមានវិសាលភាពក្នុង ការគ្រប់គ្រង គ្របដណ្តប់ក្នុងការឆ្លើយតបការទទួលខុសត្រូវរបស់ខ្លួនក្នុងតួនាទីចូលរួមការពារជីវៈចម្រុះបាតសមុទ្រ និងកិច្ចគាំ ពារបរិស្ថានផងដែរ។
លោកឧត្តមសេនីយ៍ឯក សួន សំណាង បានបន្តថា ចំណុចទាក់ទងការងារពីរឆ្នាំ យើងរៀបចំឡើងវិញ ស្របតាមគោលនយោបាយជាតិសន្តិសុខលម្ហសមុទ្រទាមទាឱ្យក្រុមការងារប្រមូលទិន្នន័យ ដើម្បីធ្វើ បច្ចុប្បន្នភាពឱ្យកាន់តែស៊ីជំរៅ និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងដែនសមុទ្រកម្ពុជា៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ