logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ឆ្នាំសិក្សា២០២០-២០២១ និងទិសដៅឆ្នាំសិក្សា២០២១-២០២២
48
23-June-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ឆ្នាំសិក្សា២០២០-២០២១ និងទិសដៅឆ្នាំសិក្សា២០២១-២០២២។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ការផ្ទេរគ្រូបង្រៀនទៅគ្រប់ទីកន្លែង ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល ដែលជាគោលដៅ នៃការអប់រំក្នុងកម្រិតមួយ ដើម្បីលើកកម្ពស់ នូវធនធានមនុស្ស។ ទន្ទឹមនឹងនេះ មន្ទីរអប់រំចាំបាច់ ត្រូវពិនិត្យពីលទ្ធភាពដែលត្រូវដោះស្រាយ ជីវភាពដល់គ្រូបង្រៀនផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា មួយរយៈកន្លងមកនេះ មានមតិយោបល់ពីគ្រូបង្រៀន នៅទីជនបទដាច់ស្រយាលបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ បញ្ហាប្រាក់តំបន់ និងប្រាក់ម៉ោង ពិសេសគឺគ្រូជាប់កិច្ចសន្យាតែម្តង។ ជាមួយគ្នានេះ ដំណោះស្រាយទាក់ទងប្រាក់តំបន់ ត្រូវបានដោះស្រាយហើយ នៅឡើយប្រាក់ម៉ោងមិនទាន់បានដោះស្រាយ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា «ចំពោះប្រាក់ម៉ោង សម្រាប់គ្រូបង្រៀនជាគោលការណ៍ អាចបើកបាននៅ ខែសីហា ឆ្នាំ២០២២។ ប៉ុន្តែដើម្បីលើកទឹកចិត្តដល់គ្រូបង្រៀនរបស់យើង  សូមឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធជួយពន្លឿនការងារធ្វើយ៉ាងណា ឱ្យគ្រូបង្រៀនទទួលបានប្រាក់ម៉ោង នៅចុងខៃកក្កដា ឆ្នាំ២០២២ នេះឲ្យខាងតែបាន»។

ក្នុងឱកាសនោះដែ ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានធ្វើការណែនាំដល់បុគ្គលិកអប់រំ ដូចខាងក្រោមនេះ៖

-ទី១៖ ត្រូវលើកកម្ពស់ថែមទៀតនូវគុណភាពអប់រំ នៅគ្រប់ភូមិសិក្សាដោយយកចិត្តទុកដាក់ ជាពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ ប្រកបដោយសមត្ថភាពរីកចម្រើនលើគ្រប់ផ្នែក គឺផ្នែកចំណេះដឹង ចំណេះធ្វើ ផ្នែកជំនាញបច្ចេកទេស ផ្នែកគុណធម៌ ចរិយាធម៌ និងសុខមាលភាព ដែលជាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ជីវភាពរស់នៅពិតប្រាកដ នៅក្នុងសង្គមជាតិយើង។

 -ទី២៖ ត្រូវពង្រឹង និងពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ក្នុងការប្រមូលកុមារដល់វ័យសិក្សាឱ្យចូលរៀន ជាពិសេសកុមារី កុមារជួបការលំបាក និងកុមារជនជាតិភាគតិច និងកុមារពិការឱ្យមានឱកាស និងមានសំណាងស្មើៗគ្នា បានចូលរៀនគ្រប់ៗគ្នានៅបឋមសិក្សា និងមធ្យមសិក្សា ដើម្បីឆ្ពោះទៅរកការអនុវត្តកាតព្វកិច្ចសិក្សា ០៩ឆ្នាំ ការអប់រំមូលដ្ឋានទាំងអស់គ្នា ពិសេសនៅមត្តេយ្យសិក្សាឱ្យបានខ្ពស់ជាងនេះទៀត។

-ទី៣៖ ត្រូវពង្រីកសាលាកុមារមេត្រី ដែលកំពុងមានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិឱ្យបានគ្រប់ភូមិសិក្សា នៃសាលារៀនទូទាំងខេត្ត។

 -ទី៤៖ បន្តការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូទៅកន្លែងដែលខ្វះគ្រូឱ្យបានសមស្រប។

 -ទី៥៖ បន្តថែទាំកែលម្អ ជួសជុលអគារសិក្សាមូលដ្ឋានសម្ភារបរិក្ខារដែលមានស្រាប់ និងសាងសង់ថ្មីបន្ថែម ពិសេសគឺការរៀបចំបរិសា្ថនសាលារៀន ថ្នាក់រៀន ឱ្យទៅជាទីកន្លែងមេត្រី សម្រាប់សិស្សានុសិស្ស។

 -ទី៦៖ ចំពោះថវិកាកម្មវិធី សូមប្រើប្រាស់ថវិកានេះឱ្យចំទិស តម្លាភាព គណនេយ្យភាព និងចៀសវាងភាពអសកម្មផ្សេងៗ។

 -ទី៧៖ ពង្រឹង និងពង្រីកបន្ថែមទៀត ទំនាក់ទំនងអន្តរជាតិ ដើម្បីប្រមូលធនធានជួយអភិវឌ្ឍវិស័យអប់រំកាន់តែ មានភាពរីកចម្រើនឈានឡើងមួយកម្រិតថែមទៀត។

 -ទី៨៖ សូមលោកនាយក លោកស្រីនាយិកា មាតា បិតា អាណាព្យាបាលទាំងអស់ ត្រូវតែខិតខំអប់រំណែនាំដល់សិស្សានុសិស្ស និងកូនរបស់ខ្លួន ឱ្យគោរពវិន័យសាលា វិន័យគ្រួសារ និងច្បាប់របស់សង្គមជាតិយើងឱ្យបានខ្ជាប់ខ្ជួន កុំឱ្យដើរលេងផ្តេសផ្តាសគេចសាលា មិនចូលផ្ទះ និងទៅប្រព្រឹត្តអំពើពាលាជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ