លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់​អំណោយ​សង្គ្រោះបន្ទាន់ដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
June 23, 2022 អ្នកទស្សនា :

ប៉ៃលិន៖ ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់​ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅឃុំស្ទឹងត្រង់ ស្រុក​សាលាក្រៅ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​សាខាកាកបាទ​ក្រហម​ខេត្ត មានប្រសាសន៍លើកឡើងថា ដោយសាររដូវនេះ ជារដូវមានភ្លៀងធ្លាក់ច្រើន និង​លាយ​ឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង ដូច្នេះសូមបងប្អូន​ប្រជាពលរដ្ឋ​យើងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខ​ក្រុម​គ្រួសារទាំងមូល ។

លោកជំទាវ បាន ស្រីមុំ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃ​លែង​ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល​សម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយ​មិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិន​បណ្តោយ​ឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ និងមិនបានជួយដោះស្រាយនោះទេ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា គ្រោះថ្នាក់ធម្មជាតិ គឺតែងតែកើតមាន ឡើងជាយថាហេតុ ជាក់ស្តែងកាលពីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយ ឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ២៨គ្រួសារ នៅឃុំស្ទឹង​ត្រង់ ស្រុកសាលាក្រៅ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ហើយបើ​មានបញ្ហា អ្វីកើត ឡើងនៅក្នុងមូលដ្ឋាន របស់បងប្អូនរស់នៅ សូមប្រញ៉ាប់រាយការណ៍មកកាន់ អាជ្ញាធរ​មូលដ្ឋាន ដែលនៅជិតបំផុតឲ្យបានលឿនដើម្បីឱ្យក្រុមការងារចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយ​សង្គ្រោះបន្ទាន់បានទាន់ពេលវេលាក្នុងការចូលរួមសម្រាលការខ្វះខាតនានាជាបណ្តោះអាសន្ន។

លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍លើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមកុំឱ្យមានការ​អស់​សង្ឃឹមត្រូវខិតខំប្រឹងប្រែងប្រកបមុខរបររកស៊ី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត ហើយបើទោះបីជាអំណោយទាំងនេះ វាមិនអាចដោះស្រាយក្នុងជីវភាពរបស់ពួកគាត់ បានយូរអង្វែងក្តី តែក៍អាចដោះស្រាយបានមួយរយៈផងដែរ ជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព  និងមានការ​ប្រុង​ប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនានា។

សូមបញ្ជាក់ថា៖ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ផ្តល់ជូនដល់គ្រួសាររងគ្រោះ ទាំង២៨គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅក្នុង១គ្រួសារៗទទួលបានរួមមាន៖ អង្ករ៥០គីឡូ​ក្រោម,ត្រី១យួ,ទឹកស៊ីអ៊ីវ១យួ,ទឹកបរិសុទ្ធណាវី១កេះ,កៅស៊ូតង់១,ស័ង្កសី១ឈុត,ឃីត១កញ្ចប់ (មុង ភួយ កន្ទេល ខ្នើយ ក្រមា)និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ