ក្រុមប្រឹក្សាខេត្តកណ្ដាល បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣

នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នា២០២២នេះ ក្រុមប្រឹក្សាខេត្តកណ្ដាល បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ខ្លួន ក្រោមគណៈអធិបតី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងកិច្ចប្រជុំនេះ  ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់ អធិការនគរបាលក្រុង-ស្រុក និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឱ្យបានឆាប់រហ័ស ដើម្បីប្រើប្រាស់តាមភាពចាំបាច់ផ្សេងៗ ពិសេសបម្រើដល់ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ ក្រៅពីនេះ អាជ្ញាធរទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យល្អបំផុត ដោយបំផុសឱ្យប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និងបន្តផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមបានបន្ថែមថា ក្រៅពីធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ មន្ត្រីនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់រក្សាឱ្យបាននូវការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ថ្នាក់ដឹកនាំឱ្យបានល្អប្រសើរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ ហើយក៏ជាមោទនភាពដែលយើងទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការធ្វើឱ្យខេត្តកណ្តាលមានការអភិវឌ្ឍរីកចម្រើន ព្រមទាំងបានកសាងបាននូវសមិទ្ធផលថ្មីៗជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ដែរថា ដើម្បីបន្តការងារដឹកនាំឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តនឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្តទៀតក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើការក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាខិតខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៏ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាខេត្តកណ្ដាលបានលើកយករបៀបវារៈសំខាន់ៗចំនួន១០ មកធ្វើការផ្សព្វផ្សាយណែនាំ ពិនិត្យពិភាក្សា និងអនុម័តដើម្បីជំរុញដល់ការអនុវត្តការងាររបស់បណ្ដាមន្ទីរ និងអង្គភាពពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ