logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អាស្រមអ្នកតាក្រហមក និងរបងហ៊ុមព័ទ្ធជុំវិញទីតាំងប្រវត្តិសាស្ត្រទុំទាវ
72
11-June-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានអញ្ជើញបញ្ចុះបឋមសិលា សាងសង់អាស្រមអ្នកតាក្រហមក និងរបងហ៊ុមព័ទ្ធជុំវិញទីតាំងប្រវត្តិសាស្ត្រទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋ ដោយប្រព្រឹត្តិទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កន្លងមកទីតាំងនេះ យើងមិនទាន់បានរៀបចំឱ្យមានសោភ័ណភាពល្អ ហើយម្យ៉ាងភ្ញៀវទេសចរណ៍ មួយចំនួនមិនស្គាល់ទីតាំងច្បាស់លាស់ផងនោះ ទើបធ្វើឱ្យតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះត្រូវបានមើលរំលង ប៉ុន្តែចាប់ពីពេលនេះតទៅ អាជ្ញាធរខេត្ត និងរៀបចំតំបន់ប្រវត្តិសាស្ត្រមួយនេះ អោយក្លាយទៅជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកំសាន្ត និងស្គាល់ពីប្រវត្តិសាស្ត្រទុំ-ទាវ អោយបានគ្រប់ៗគ្នា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ការអភិរក្សជាប្រការចាំបាច់ ស្របជាមួយនឹងការអភិវឌ្ឍន៍ គឺជារឿងដែលយើងមិនអាចខ្វះបាន។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់មន្ទីរអង្គភាពដែលពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញទាំងអស់ ត្រូវរួមគ្នាអភិរក្ស និងសហការគ្នាសិក្សាស្រាវជ្រាវរៀបចំអភិវឌ្ឍន៍ទីតាំងប្រវត្តិសាស្រ្តមួយនេះ អោយក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋមកទស្សនា និងសិក្សាស្វែងយល់។

បើតាមលោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសល្បៈខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ៖ សព្វថ្ងៃនេះ ទួលទុំទាវ មានទីតាំង ស្ថិតនៅក្នុងភូមិជើងខាល ឃុំមង់វៀវ ស្រុកត្បូងឃ្មុំ ដែលភ្ជាប់ទៅនិងសាច់រឿងទុំទាវ ថាមានទីកន្លែងពិត។ យោងតាមសំដីអ្នកស្រុកបាននិយាយតៗគ្នាថា ដើមពោធិ៍ទុំ នៅម្ខាងផ្លូវជាតិលេខ៧ និងដើមពោធិ៍ទាវ នៅទល់មុខគ្នាចម្ងាយប្រហែល៤០០ម៉ែត្រ។ បច្ចុប្បន្ននេះដើមពោធិ៍ទុំ ដែលគេយកទុំទៅសម្លាប់ ត្រូវបានអ្នកស្រុកធ្វើខ្ទមមួយនៅខាងក្រោម និងមានរូបសំណាក់រូបអ្នកតានៅក្នុងនោះ ហើយក៏ដាក់ឈ្មោះថា ទួលអ្នកតាក្រហមក។ ចំណែកឯដើមពោធិ៍ទាវ គេបានសង់ខ្ទមមួយ ដោយបានដាក់តម្កល់រូបយាយផាន់ និងនាងទាវ។

សូមជម្រាបថា ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ដើមពោធិ៍ក្នុងតំបន់ប្រវត្តិសាស្ត្រទុំទាវ ដ៏ធំមួយដែលគេឲ្យឈ្មោះថាដើមពោធិ៍អ្នកតាក្រហមក ត្រូវបានខ្យល់កន្ត្រាក់បោកដួលរលំ ហើយត្រូវបានអាជ្ញាធរខេត្ត រៀបចំដាំឡើងវិញ។ ក្រោយការដួលរលំដើមពោធិ៍ដ៏ធំមួយនេះ តំបន់ប្រវត្តិសាស្រ្តទុំទាវ ត្រូវបានបងប្អូនប្រជាពលរដ្ឋ មានការចាប់អារម្មណ៍ ចង់ឃើញនិងស្គាល់ ដោយបានចូលទៅទស្សនាបន្ទប់បន្ទាប់ ពិសេសបងប្អូនប្រជាពលរដ្ឋដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ