logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីលើកជហ្វាសាលាឆាន់ និងសំណេះសំណាលជាមួយពុទ្ធបរិស័ទ នៅវត្តស្វាយជ្រំ
70
13-May-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា បុគ្គលណាដែលបានកសាងសេនាសនៈមាន កុដិ សាលា ព្រះវិហារ ជាទីសេនាសនៈសម្រាប់ ព្រះសង្ឃមកពីទិសទាំង៤ ធ្វើសង្ឃកម្ម និងសម្រាប់ពុទ្ធបរិស័ទទាំង៤ទិសធ្វើបុណ្យកុសល រមែងបានបុណ្យទាំងយប់ទាំងថ្ងៃ តែងតែបាននូវសេចក្តីសុខ សេចក្តីចម្រើនក្នុងជាតិនេះ និងជាតិខាងមុខ។

ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់ដូច្នេះ នៅក្នុងពិធីក្រុងពាលីលើកជហ្វាសាលាឆាន់វត្តស្វាយជ្រំ និងសំណេះសំណាលជាមួយពុទ្ធបរិស័ទ នៅវត្តស្វាយជ្រំ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ដោយមានការយាងនិមន្តចូលរួមពីសម្តេចព្រះឧត្តមមុន្នី ជា សំអាង ព្រះមេគណខេត្តកណ្តាល ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្តព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនអង្គនាក់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មី គឺសាលាឆាន់វត្តស្វាយជ្រំ ដែលនឹងត្រូវបានសាងសង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយផ្តើមចេញពីការសាមគ្គីភាពគ្នា ប្រកបដោយទឹកចិត្តដ៏សប្បុរសធម៌ និងសទ្ធាជ្រះថ្លារបស់បងប្អូនពុទ្ធបរិស័ទ ព្រមទាំងសប្បុរសជនជិតឆ្ងាយនានា ក្នុងការកសាងនូវសមិទ្ធផលមួយនេះឡើង ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា។

ឯកឧត្តមបានគូសបញ្ជាក់ថា យើងទាំងអស់គ្នាមានឱកាសជួបជុំគ្នា មានឱកាសបំពេញបុណ្យកុសល និងមានឱកាសកសាងសមិទ្ធផលនានាដូចថ្ងៃនេះបាន គឺផ្តើមចេញពីការអនុវត្តគោលនយោបាយឈ្នះៗក្រោម ការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រក បដោយគតិបណ្ឌិត ដែលសម្តេចបានខិតខំស្វែងរកសន្តិភាព ដោយឆ្លងកាត់ការលំបាកគ្រប់ឧបសគ្គ បូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន រហូតដល់ពេលនេះប្រទេសកម្ពុជាទទួលបានសុខ សន្តិភាពពិតប្រាកដ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ឈានទៅរកវឌ្ឍនៈភាពជឿនលឿនរីកចម្រើន និងការអភិវឌ្ឍទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។  

នាឱកាសនោះ ឯកឧត្តមបានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាសន្តិភាព ឱ្យបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ និងត្រូវដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិទាំងមូល ព្រោះបើគ្មានសន្តិភាពទេយើងទាំងអស់គ្នានឹងគ្មានឱកាសអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជឿនលឿនគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ គ្មានឱកាសបំពេញបុណ្យកុសល និងគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់។

សូមជម្រាបជូនថា ខេត្តកណ្តាលមានវត្ត ៣៧២វត្ត អាស្រម០៩ ពុទ្ធមណ្ឌល០៤ ក្នុងនោះវត្តគណៈធម្មយុត្តិកនិកាយមាន ៣២វត្ត មានព្រះសង្ឃសរុប ៦១០៨អង្គ ក្នុងនោះស្រុកខ្សាច់កណ្តាលមាន ៤២វត្ត មានព្រះសង្ឃសរុប ៥៥៥អង្គ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ